អ៊ីរ៉ង់បានត្រៀមកម្លាំងទ័ពជាង ១លាននាក់ ដើម្បីទប់ទល់ការលុកលុយជើងគោកដែលអាមេរិកអាចធ្វើឡើង នេះបើតាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Tasnim នៅថ្ងៃសុក្រទី២៧ ខែមីនា ឆ្នាំ២០២៦។

សារព័ត៌មាន Tasnim ដែលដកស្រង់ពីប្រភពយោធាមួយ បានរាយការណ៍ថា ក្រុមអ្នកប្រយុទ្ធនៃរបបនេះកំពុងមានភាពពុះកញ្ជ្រោលកាន់តែខ្លាំង ដោយមានបំណងបង្កើតនរកជាប្រវត្តិសាស្ត្រមួយសម្រាប់ជនជាតិអាមេរិកនៅលើទឹកដីអ៊ីរ៉ង់។
យុវជនអ៊ីរ៉ង់បាននិងកំពុងដាក់ពាក្យយ៉ាងច្រើនកកកុញ ដើម្បីចូលបម្រើក្នុងជួរកងទ័ព កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) និងកងពលតូចស្ម័គ្រចិត្ត Basij។
ការត្រៀមទ័ពនេះកើតឡើងបន្ទាប់ពីសារព័ត៌មាន The Wall Street Journal ទម្លាយថា មន្ទីរបញ្ចកោណកំពុងរៀបចំបញ្ជូនទ័ពជើងគោកបន្ថែម ១០,០០០ នាក់ទៀតទៅមជ្ឈិមបូព៌ា។
ទោះគ្មានការបញ្ជាក់លម្អិតអំពីផែនការនេះក៏ដោយ ប៉ុន្តែ WSJ រាយការណ៍ថា ការបញ្ជូនទ័ពជើងគោកទាំងនេះ គឺដើម្បីផ្តល់ឲ្យលោក ត្រាំ នូវជម្រើសយោធាកាន់តែច្រើន សម្រាប់សង្គ្រាមជាមួយអ៊ីរ៉ង់។
គោលបំណងធំនៃការពិចារណាបញ្ជូនទ័ព ១០,០០០ នាក់នេះ គឺដើម្បីបង្ហាញសាច់ដុំយោធាឲ្យអ៊ីរ៉ង់ឃើញថា អាមេរិកត្រៀមរួចហើយ សម្រាប់ការវាយលុកទ្រង់ទ្រាយធំ ប្រសិនបើការចរចាសន្តិភាពមិនទទួលបានលទ្ធផល។
កងទ័ពថ្មីទាំងនេះ នឹងត្រូវទៅបន្ថែមលើកងម៉ារីន ៥,០០០ នាក់ និងកងពលធំទ័ពអាកាសលេខ ៨២ ដែលបានដាក់ពង្រាយរួចជាស្រេចនៅក្នុងតំបន់។
អត្ថបទ៖ សុខ សុវណ្ណ
