ភ្នំពេញ៖ ហេតុការណ៍រថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវបានកើតឡើងនៅព្រលឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវ១៨២ សង្កាត់បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា បុរសម្នាក់បើករថយន្តម៉ាក BYD ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2CJ-4424 ក្នុងល្បឿនលឿន បានរអិលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរបាំងថ្មពុះខ្ទាតចេញជួរចំនួនមួយផ្ទាំង។

រថយន្តរងការខូចខាតយ៉ាងខ្លាំងនៅផ្នែកខាងឆ្វេង ហើយមិនអាចបន្តធ្វើដំណើរទៅមុខបានទៀត។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣:១០នាទីទៀបភ្លឺ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។

អ្នកបើករថយន្តមិនបានរងរបួសធ្ងន់ធ្ងរ ប៉ុន្តែរថយន្តត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ។ សមត្ថកិច្ចកំពុងស៊ើបអង្កេតពីមូលហេតុពិតប្រាកដនៃហេតុការណ៍នេះ។
