ខេត្តប៉ៃលិន៖ ក្រោយពីទទួលបានទឹកភ្លៀងច្រើនជាប់ៗគ្នា កសិករនៅក្រុងប៉ៃលិនបានរត់ប្រកួតដាំដំឡូងមីជាបណ្តើរៗ ដើម្បីទាញយកឱកាសពីដីសើមដ៏ល្អសម្រាប់ដំណាំរបស់ពួកគេ។

ប្រភពព័ត៌មានពីលោក ហ៊ា ម៉ាប់ អាយុ៤៨ឆ្នាំ រស់នៅក្រុងប៉ៃលិន បានរៀបរាប់ថា៖ “បន្ទាប់ពីសង្កេតឃើញដីនៅក្នុងចំការរបស់ខ្ញុំសើមល្មម ខ្ញុំក៏មិនបង្អង់យូរឡើយ ដោយប្រញាប់ជួលកម្មករជាង១០នាក់ ឱ្យចូលទៅដាំដើមដំឡូងមីក្នុងចំការដែលមានទំហំជាង១០ហិកតា។”

លោកបន្តថា ការជួលកម្មករឱ្យចូលទៅដាំដំឡូងក្នុងចំការនេះ គឺម៉ៅក្នុង១ហិកតា អស់កម្រៃ៣០ម៉ឺនរៀល ដោយពួកគាត់អាចដាំបានក្នុង១ថ្ងៃចាប់ពី២ទៅ៣ហិកតា។
នៅដើមឆ្នាំ២០២៦នេះ ការប្រមូលផលដំឡូងមីរបស់លោកទទួលបានទិន្នផលមធ្យម រីឯតម្លៃទីផ្សារហក់ឡើងខ្ពស់ ដោយឈ្មួញទិញរហូតដល់ក្នុង១គីឡូក្រាមចាប់ពី២៥០ទៅ៣០០រៀល។

លោកបានបញ្ជាក់ទៀតថា ដោយសារតែលោកទើបប្រមូលផលមើមដំឡូងមីរួចថ្មីៗ លោកក៏រក្សាទុកដើមដំឡូងមីស្រស់ទាំងអស់យកទៅដាំសារថ្មីឡើងវិញ ដោយមិនត្រូវចំណាយថវិកា ដើម្បីទិញដើមដំឡូងមីគេយកទៅដាំដូចឆ្នាំមុនៗ។

ចំណែកកសិករមួយចំនួនទៀត ដែលមិនទាន់ប្រមូលផលដំឡូងមីរួចរាល់ ម្នាក់ៗខិតខំប្រឹងប្រែងម្នីម្នា ជួលកម្មករ ឱ្យចូលទៅដកដើមប្រមូលយកមើមលក់នៅតាមស្តង់នានាក្នុងក្រុងប៉ៃលិន។

រីឯអ្នកខ្លះទៀត ដែលធ្លាប់ដាំដំណាំពោតក្រហម និងដាំដំណាំស្វាយកែវរមៀត ក៏ងាកបែរមកដាំដំណាំដំឡូងមីវិញ ព្រោះតម្លៃទីផ្សារឡើងខ្ពស់ អាចទទួលយកបាន។

ការដាំដំឡូងមីនៅប៉ៃលិនកំពុងជោគជ័យ ដោយកសិករទាំងអស់សប្បាយរីករាយយ៉ាងខ្លាំង ហើយសង្ឃឹមថា នៅឆ្នាំក្រោយ កសិផលមើមដំឡូងមីនឹងនៅតែបន្តឡើងថ្លៃដដែល។

អត្ថបទសរសេរដោយ នីយ៉ា (1K អត្តបទ)
កែសម្រួលដោយ ធីតា (30K អត្តបទ)
