
ភ្នំពេញ – មន្ទីរបញ្ចកោណអាមេរិកបានរៀបចំផែនការយោធាសម្រាប់ប្រតិបត្តិការលើដីគោកនៅអ៊ីរ៉ង់ ដែលអាចអូសបន្លាយរយៈពេលរាប់សប្តាហ៍ ទោះបីជាប្រធានាធិបតីដូណាល់ ត្រាំបានបញ្ជាក់ថាមិនទាន់មានបំណងដាក់ពង្រាយទ័ពក៏ដោយ។ ព័ត៌មាននេះត្រូវបានចុះផ្សាយដោយ The Washington Post នាថ្ងៃអាទិត្យទី២៩ ខែមីនា ឆ្នាំ២០២៦។
ផែនការនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ជម្រើសយោធាដល់មេបញ្ជាការកំពូល ក្នុងករណីសង្គ្រាមឈានចូលដល់ដំណាក់កាលគ្រោះថ្នាក់។ វាមិនមែនជាការវាយលុកទ្រង់ទ្រាយធំដើម្បីកាន់កាប់ប្រទេសនោះទេ ប៉ុន្តែជាប្រតិបត្តិការវាយឆ្មក់តាមបែបកងទ័ពពិសេស និងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

ស្ថានភាពនេះត្រូវបានគេចាត់ទុកថាជា«របត់ដ៏គ្រោះថ្នាក់បំផុត»សម្រាប់កងទ័ពអាមេរិក ដោយពួកគេនឹងត្រូវប្រឈមមុខជាមួយមីស៊ីល ដ្រូន និងគ្រាប់បែកកែច្នៃរបស់អ៊ីរ៉ង់។ ចាប់តាំងពីការវាយលុកចាប់ផ្តើមនៅចុងខែកុម្ភៈ កងទ័ពអាមេរិកបានបាត់បង់ជីវិត១៣នាក់ និងរងរបួសជាង៣០០នាក់។

ជម្លោះនេះកំពុងរីករាលដាលទៅកាន់ប្រទេសជិតខាងដូចជាហ្ស៊កដានី អ៊ីរ៉ាក់ និងបណ្តាប្រទេសឈូងសមុទ្រ ដែលប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារពិភពលោក និងវិស័យអាកាសចរណ៍។ អ្នកនាំពាក្យសេតវិមានបានបញ្ជាក់ថា ការមានផែនការយោធាមិនមែនមានន័យថាប្រធានាធិបតីបានសម្រេចចិត្តវាយប្រហារនោះទេ ប៉ុន្តែជាការត្រៀមខ្លួននៅចំពោះមុខហានិភ័យ។
