អតីតនាយករដ្ឋមន្ត្រីនេប៉ាល់ លោក KP Sharma Oli ត្រូវបានចាប់ខ្លួននៅគេហដ្ឋានរបស់លោកកាលពីព្រឹកថ្ងៃសៅរ៍ទី២៨ ខែមីនា ឆ្នាំ២០២៦ និងត្រូវបានបញ្ជូនទៅកាន់គ្លីនិកមួយក្នុងទីក្រុង Kathmandu ដើម្បីពិនិត្យសុខភាព។

យោងតាម BBC ការចាប់ខ្លួននេះធ្វើឡើងតាមការផ្តល់អនុសាសន៍របស់គណៈកម្មការស៊ើបអង្កេត ឲ្យចោទប្រកាន់លោក Oli វ័យ៧៤ឆ្នាំ និងអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ramesh Lekhak ពីបទធ្វេសប្រហែសក្នុងរឿងព្រហ្មទណ្ឌ អំឡុងពេលមានការបង្ក្រាបយ៉ាងចាស់ដៃលើក្រុមបាតុករកាលពីខែកញ្ញាឆ្នាំមុន។
ការស៊ើបអង្កេតនេះផ្ដោតលើ «បាតុកម្ម Gen-Z» ដែលផ្ទុះឡើងដោយសារការហាមឃាត់បណ្តាញសង្គម និងការមិនពេញចិត្តចំពោះបញ្ហាពុករលួយ និងសេដ្ឋកិច្ច ដែលបណ្តាលឲ្យមនុស្សជាង៧០នាក់បាត់បង់ជីវិត។

ការចាប់ខ្លួននេះបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីថ្មី គឺលោក Balen Shah វ័យ៣៥ឆ្នាំ បានស្បថចូលកាន់តំណែងក្រោយជ័យជម្នះឆ្នោតភ្លូកទឹកភ្លូកដី។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្មី លោក Sudan Gurung បានស្វាគមន៍ការចាប់ខ្លួននេះដោយបញ្ជាក់ថា «នេះមិនមែនជាការសងសឹកបុគ្គលណាឡើយ ប៉ុន្តែវាគឺជាការចាប់ផ្តើមនៃយុត្តិធម៌»។
លោក Oli បានបដិសេធការរកឃើញរបស់គណៈកម្មការនេះថាជា «នយោបាយស្អប់ខ្ពើម» ខណៈដែលមេធាវីរបស់លោកអះអាងថាការឃុំខ្លួននេះគឺជារឿងខុសច្បាប់។ ជាឆ្លើយតប អ្នកគាំទ្រគណបក្ស CPN-UML របស់លោក Oli បានចាប់ផ្តើមធ្វើបាតុកម្មនៅទូទាំងប្រទេស។

ទន្ទឹមនឹងនេះ ក្រុមគ្រួសារនៃជនរងគ្រោះទាំង៧៦នាក់ ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍បង្ក្រាប កំពុងបន្តទាមទារឲ្យមន្ត្រីពាក់ព័ន្ធផ្សេងទៀតទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនដែលបានកើតឡើងមុនពេលលោក Oli លាលែងពីតំណែងកាលពីថ្ងៃទី៩ខែកញ្ញា៕
