ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលខេត្តកំពង់ស្ពឺបានបង្ហាញនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ថា ស្មៀនឃុំដែលបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍នៅក្រុងច្បារមន មានជាតិស្រវឹង ០,៩២ mg/L ដែលជាបរមាណខ្ពស់បំផុត។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរនេះបានកើតឡើងនៅរង្វង់មូលវិមានឯករាជ្យក្រុងច្បារមន កាលពីថ្ងៃទី២៧ ខែមីនា វេលាម៉ោង១៨:៣០នាទី លើផ្លូវលេខ១៤៣ នៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់។ ហេតុការណ៍នេះបណ្ដាលឱ្យម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល។
តាមការបញ្ជាក់ពីសមត្ថកិច្ច អ្នកបើកបររថយន្តម៉ាក TOYOTA RALLY ពណ៌ស ផ្លាកលេខភ្នំពេញ 2BK-9781 ឈ្មោះ មិន ហេង អាយុ៥៦ឆ្នាំ ដែលជាស្មៀនឃុំ បានបើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង ហើយបានជ្រុលទៅបុកម៉ូតូពីក្រោយ។
ម៉ូតូទី១ ម៉ាក HONDA DREAM 125CC ពណ៌ខ្មៅ ផ្លាកលេខកំពង់ស្ពឺ 1F-6117 ដែលអ្នកបើកបរឈ្មោះ ទឹម សារ៉េត អាយុ៤៥ឆ្នាំ បានស្លាប់នៅកន្លែង។ រីឯម៉ូតូទី២ ម៉ាក HONDA BEAT 110CC ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 1KG-2661 អ្នកបើកបរឈ្មោះ សែម ស្រីទី អាយុ២៧ឆ្នាំ រងរបួសស្រាល។
ក្រោយហេតុការណ៍ សមត្ថកិច្ចនគរបាលចរាចរណ៍បានចុះទៅកន្លែងកើតហេតុ និងឃាត់ខ្លួនអ្នកបើកបររថយន្ត ហើយបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី។ អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្ត ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។ 
