ភ្នំពេញ – ក្នុងជំហានយុទ្ធសាស្ត្រដ៏គួរឲ្យភ្ញាក់ផ្អើល លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានចុះកិច្ចព្រមព្រៀងការពារជាតិរយៈពេល ១០ឆ្នាំជាមួយបណ្តាប្រទេសឈូងសមុទ្រដ៏សំខាន់ៗ រួមមានកាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម។

តាមការចុះផ្សាយរបស់ France24 នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ កិច្ចសន្យាដែលមានតម្លៃរាប់ពាន់លានដុល្លារនេះ មិនមែនគ្រាន់តែជាការទិញលក់អាវុធធម្មតាទេ ប៉ុន្តែជាកិច្ចសហការយ៉ាងស៊ីជម្រៅក្នុងការបង្កើតរោងចក្រផលិតអាវុធ និងដ្រូន (Drone) ទាំងនៅលើទឹកដីអ៊ុយក្រែន និងនៅតំបន់មជ្ឈិមបូព៌ា។
អ៊ុយក្រែនកំពុងប្រើប្រាស់បទពិសោធន៍សមរភូមិពីសង្គ្រាមជាមួយរុស្ស៊ី ដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតដ្រូនឈានមុខគេបំផុតលើពិភពលោក។ លោក Zelensky បានសង្កត់ធ្ងន់ថា៖ «បច្ចុប្បន្ននេះ គ្មានប្រទេសណាមានជំនាញជាក់ស្តែងក្នុងការកម្ទេចដ្រូនសត្រូវខ្លាំងជាងអ៊ុយក្រែនទេ»។

ក្រៅពីការផលិត អ៊ុយក្រែនមានគម្រោងផ្លាស់ប្តូរបច្ចេកវិទ្យាស្ទាក់ចាប់ដ៏ខ្ពស់របស់ខ្លួន ជាមួយនឹងប្រព័ន្ធការពារអាកាសដែលមានតម្លៃថ្លៃ ដូចជាប្រព័ន្ធ Patriot ដែលបណ្តាប្រទេសឈូងសមុទ្រកំពុងប្រើប្រាស់។
ប្រធានាធិបតី Zelensky បានបញ្ជាក់ថា៖ «កិច្ចសន្យាទាំងនេះនឹងផ្តល់ផលប្រយោជន៍ដល់គ្រប់ភាគី ដោយធានាថាអ៊ុយក្រែននឹងទទួលបានចំណូលរាប់ពាន់លានដុល្លារ ខណៈដែលរក្សាការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់កងទ័ពរបស់យើង»។

លោកបានបន្តថា៖ «ថ្ងៃនេះ អ៊ុយក្រែនមិនត្រឹមតែត្រូវការជំនួយប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រអ្នកដែលគាំទ្រយើងដែរ»។ ជំហាននេះត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រដើម្បីទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់អ៊ីរ៉ង់នៅក្នុងតំបន់។
