អតីតនាយករដ្ឋមន្ត្រីនេប៉ាល់ត្រូវបានចាប់ខ្លួនពីបទធ្វេសប្រហែសក្នុងការស្លាប់អ្នកតវ៉ា Gen Z

អតីតនាយករដ្ឋមន្ត្រីនេប៉ាល់ត្រូវបានចាប់ខ្លួនពីបទធ្វេសប្រហែសក្នុងការស្លាប់អ្នកតវ៉ា Gen Z

ភ្នំពេញ – អតីតនាយករដ្ឋមន្ត្រីនេប៉ាល់ លោក K.P. Sharma Oli ត្រូវបានប៉ូលីសចាប់ខ្លួនកាលពីថ្ងៃសៅរ៍កន្លងមក ដោយសារការស៊ើបអង្កេតពីបទធ្វេសប្រហែសក្នុងការទប់ស្កាត់ការស្លាប់រាប់សិបនាក់ក្នុងអំឡុងពេលតវ៉ាប្រឆាំងអំពើពុករលួយរបស់យុវជន Gen Z កាលពីខែកញ្ញាឆ្នាំមុន។

អតីតនាយករដ្ឋមន្ត្រីនេប៉ាល់ K.P. Sharma Oli

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់លោក គឺលោក Ramesh Lekhak ក៏ត្រូវបានចាប់ខ្លួនផងដែរ។ ការចាប់ខ្លួននេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីតារាចម្រៀងរ៉េប Balendra Shah ដែលប្រែក្លាយជាអ្នកនយោបាយ ត្រូវបានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនេប៉ាល់។

អ្នកនាំពាក្យប៉ូលីស លោក Om Adhikari បានបញ្ជាក់ថា ទាំងលោក Oli និងលោក Lekhak កំពុងត្រូវបានឃុំខ្លួននៅការិយាល័យប៉ូលីស Kathmandu ហើយនឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃអាទិត្យ។ លោកបានមានប្រសាសន៍ថា៖ “យើងបានចាប់ខ្លួនពួកគេតាមអនុសាសន៍របស់គណៈកម្មការស៊ើបអង្កេត”។

ការតវ៉ារបស់ Gen Z នៅនេប៉ាល់

គណៈកម្មការស៊ើបអង្កេតបានសម្រេចថា លោក Oli ត្រូវទទួលខុសត្រូវចំពោះការមិនបានចាត់វិធានការណាមួយដើម្បីបញ្ឈប់ការបាញ់ប្រហាររាប់ម៉ោង ដែលបានសម្លាប់អ្នកតវ៉ាជំនាន់ Z យ៉ាងហោចណាស់ ១៩ នាក់នៅថ្ងៃដំបូងនៃការធ្វើបាតុកម្ម។ សរុបមនុស្សចំនួន ៧៦ នាក់ត្រូវបានសម្លាប់ក្នុងរយៈពេលពីរថ្ងៃនៃភាពចលាចល ដែលនាំឱ្យលោក Oli លាលែងពីតំណែង។

មេធាវីរបស់លោក Oli គឺលោក Tikaram Bhattarai បានប្រាប់ Reuters ថា ការចាប់ខ្លួននេះមិនសមហេតុផលទេ។ លោកបាននិយាយថា៖ “ពួកគេបាននិយាយថា ការចាប់ខ្លួននេះគឺសម្រាប់ការស៊ើបអង្កេត។ វាខុសច្បាប់ និងមិនសមរម្យ ពីព្រោះមិនមានហានិភ័យនៃការរត់គេចខ្លួនរបស់គាត់ទេ”។

ការតវ៉ាប្រឆាំងអំពើពុករលួយនៅនេប៉ាល់

កំហឹងចំពោះការស្លាប់ទាំងនេះបានជួយឲ្យគណបក្ស Rastriya Swatantra របស់លោក Shah ទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតក្នុងខែនេះ។ លោក Oli អាយុ ៧៤ ឆ្នាំ ដែលធ្លាប់បានប្តូរតម្រងនោមពីរដងរួចមកហើយ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យពីការិយាល័យប៉ូលីស យោងតាមសាក្សី។

ប្រភព៖ CNN

administrator

Related Articles