រាជរដ្ឋាភិបាលបន្តការទូតសកម្មការពារព្រំដែន និងជួយសម្រាលតម្លៃប្រេងឥន្ធនៈ

រាជរដ្ឋាភិបាលបន្តការទូតសកម្មការពារព្រំដែន និងជួយសម្រាលតម្លៃប្រេងឥន្ធនៈ

ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងនៅក្នុងកិច្ចប្រជុំសារព័ត៌មានថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ អំពីព័ត៌មានសំខាន់ៗពីរចំណុច។

ការងារការទូតព្រំដែន

ព័ត៌មានទី១៖ រាជរដ្ឋាភិបាលកំពុងបន្តការងារការទូតយ៉ាងសកម្មដើម្បីការពារទឹកដីនិងប្រជាជន។ តំបន់ព្រំដែនកម្ពុជាដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់ និងប្រជាពលរដ្ឋភៀសសឹកកម្ពុជាដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ មិនត្រូវបានរាជរដ្ឋាភិបាលនិងសហគមន៍អន្តរជាតិបំភ្លេចនោះឡើយ។

សកម្មភាពការទូតរស់រវើកត្រូវបានរៀបចំជាបន្តបន្ទាប់ទៅកាន់តំបន់ទាំងនោះ។ ជាក់ស្តែង ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំអង្គទូត និងតំណាងអង្គការអន្តរជាតិនានាចុះទៅតំបន់ព្រំដែន និងសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន និងតំបន់ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ។

ការសង្កេតការណ៍ព្រំដែន

កម្ពុជាការពារដាច់ខាតនូវខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃ និងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ថា ខ្សែព្រំដែនមិនត្រូវបានកែប្រែដោយការប្រើកម្លាំងឡើយ។

ព័ត៌មានទី២៖ វិធានការរបស់រាជរដ្ឋាភិបាលដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋក្នុងគ្រាដែលតម្លៃប្រេងឥន្ធនៈឡើងខ្ពស់លើទីផ្សារអន្តរជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង ក្នុងពេលដែលតម្លៃប្រេងឥន្ធនៈកំពុងកើនឡើងនៅលើទីផ្សារអន្តរជាតិនាពេលនេះ រាជរដ្ឋាភិបាលបានសម្រេចវិធានការចាំបាច់មួយចំនួនដើម្បីជួយសម្រាលការចំណាយរបស់ប្រជាពលរដ្ឋ។

វិធានការជួយប្រជាពលរដ្ឋ

វិធានការទាំងនោះរួមមាន៖ បញ្ចុះតម្លៃប្រេង ៦.៥ សេនដុល្លារក្នុង១លីត្រ បញ្ចុះពន្ធគយដល់ ០ និងបញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូតដល់ ០ ដុល្លារ។ រាជរដ្ឋាភិបាលក៏បានចេញវិធានការសន្សំសំចៃប្រេងឥន្ធនៈ និងអគ្គិសនីដោយលើកទឹកចិត្តឱ្យធ្វើកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជំនួសវិញ។

វិធានការទាំងនេះបង្ហាញច្បាស់ពីការយកចិត្តទុកដាក់ និងការគិតគូរគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ជាពិសេសរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។

administrator

Related Articles