ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចុះអត្រាពន្ធគយ និងអាករនាំចេញលើទំនិញឧបករណ៍អគ្គិសនី ប្រព័ន្ធសូឡា និងរថយន្តអគ្គិសនី ដើម្បីលើកទឹកចិត្តប្រើប្រាស់ថាមពលស្អាតនៅក្នុងប្រទេស។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានជូនដំណឹងថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ៥២ អនក្រ.បក ចុះថ្ងៃទី២៦ មីនា ២០២៦ ស្ដីពីការកែសម្រួលអត្រាពន្ធគយនិងអាករនាំចេញលើទំនិញជាច្រើនប្រភេទ។
ក្នុងនោះ អត្រាពន្ធនាំចូលលើឧបករណ៍សាកអាគុយរថយន្តអគ្គិសនី ឆ្នាំងដាំបាយអគ្គិសនី និងចង្កៀងសូឡា ត្រូវបានបញ្ចុះពី ៧% មក ០% សម្រាប់ទំនិញ ០៩ បន្ទាត់ពន្ធ។

អត្រាពន្ធនាំចូលលើម៉ូទ័រសម្រាប់យានយន្តអគ្គិសនី ប្រព័ន្ធថាមពលសូឡា អាគុយលីចូម ចង្ក្រានកម្ដៅអគ្គិសនី កំសៀវអគ្គិសនី និងរថយន្តដឹកអ្នកដំណើរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV ត្រូវបានបញ្ចុះពី ១៥% មក ០% សម្រាប់ទំនិញ ១៧៩ បន្ទាត់ពន្ធ។
សំខាន់ជាងនេះទៅទៀត អត្រាពន្ធនាំចូលលើរថយន្តគ្រួសារប្រភេទ PHEV ត្រូវបានបញ្ចុះពី ៣៥% មក ៧% ខណៈរថយន្តគ្រួសារប្រភេទ EV ត្រូវបានបញ្ចុះពី ៣៥% មក ០%។

អត្រាអាករនាំចេញលើរ៉ែបុកស៊ីត (រ៉ែអាលុយមីញ៉ូម) ក៏ត្រូវបានបញ្ចុះពី ២៥% មក ១០% ដែរ។
អត្រាពន្ធគយនិងអត្រាអាករនាំចេញកែសម្រួលថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ។ ធុរជន ឬបុគ្គលពាក់ព័ន្ធអាចទាញយកអនុក្រឹត្យតាមរយៈ QR Code ដែលមានភ្ជាប់នឹងលិខិតជូនដំណឹង។

ការបញ្ចុះពន្ធនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តប្រើប្រាស់ថាមពលស្អាត និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល ដែលនឹងជួយបន្ថយការបំភាយឧស្ម័នកើនឡើងពីការបរិភោគ។
