ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរបានកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ដែលបណ្តាលឲ្យបុរសម្នាក់បាក់ករស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១:៤០នាទីយប់ នៅពេលដែលបុរសពីរនាក់ជិះម៉ូតូម៉ាកហុងដា CLICK ពណ៌ស លេខផ្លាុំ ភ្នំពេញ 1IW-3646 ធ្វើដំណើរឌុបគ្នាតាមបណ្តោយផ្លូវព្រះមុនីវង្សទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន។
តាមការអះអាងពីប្រភពព័ត៌មានកន្លែងកើតហេតុ នៅពេលជិះមកដល់ចំណុចកើតហេតុ ដោយសារខ្វះការប្រុងប្រយ័ត្ន ម៉ូតូបានរ៉េចង្កូកៀខឿនចិញ្ចើមផ្លូវ ហើយបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវយ៉ាងខ្លាំង។

ការបុកនេះបានបណ្តាលឲ្យបុរសរងគ្រោះម្នាក់បាក់ករស្លាប់នៅកន្លែងកើតហេតុភ្លាមៗ ចំណែកបុរសម្នាក់ទៀតរួមដំណើរជាមួយបានរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់។
ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ឃើញហេតុការណ៍បានរាយការណ៍ទៅសមត្ថកិច្ច ដែលបានចុះមកពិនិត្យទៅលើសព និងធ្វើការវាស់វែងកន្លែងកើតហេតុ។ ម៉ូតូរងគ្រោះត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលខណ្ឌចំការមន ហើយសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ហេតុការណ៍នេះបង្ហាញពីគ្រោះថ្នាក់នៃការជិះយានយន្តលឿនជ្រុល ជាពិសេសនៅពេលយប់ ដែលតម្រូវឲ្យអ្នកបើកបរប្រុងប្រយ័ត្នជានិច្ច។
