
រាជធានីភ្នំពេញ – ព្រឹត្តិការណ៍ទិវាវប្បធម៌រុស្ស៊ីនៅកម្ពុជាឆ្នាំ២០២៦ បានប្រារព្ធឡើងដោយពោរពេញទៅដោយពណ៌សោភ័ណ្ឌ និងភាពរស់រវើកនៃវប្បធម៌ស៊ីបេរី ក្នុងឱកាសប្រារព្ធខួបលើកទី៧០នៃទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី។

កាលពីល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម Anatoly Borovik អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា។
ព្រឹត្តិការណ៍នេះបានបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌រុស្ស៊ីតាមរយៈការតាំងពិព័រណ៍វត្ថុសិល្បៈ សម្លៀកបំពាក់ប្រពៃណី និងការសម្តែងសិល្បៈក្រោមប្រធានបទ «អ្នកបន្តវេនតំបន់ស៊ីបេរី»។ កម្មវិធីនេះបានបង្កើតឱកាសដ៏ល្អសម្រាប់ការចែករំលែក ការផ្លាស់ប្តូរចំណេះដឹង និងការស្វែងយល់ពីប្រពៃណីវប្បធម៌ក្នុងតំបន់ស៊ីបេរីដល់ប្រជាជនកម្ពុជា។

លោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា បានអះអាងថា៖ «ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការរំលឹកដល់អតីតកាលនោះទេ ប៉ុន្តែជាការផ្តល់តម្លៃដល់ចំណងមិត្តភាពដ៏រឹងមាំ និងការប្តេជ្ញាចិត្តរួមគ្នាឆ្ពោះទៅកាន់អនាគតមួយដែលមានកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌យ៉ាងស៊ីជម្រៅ។»

«វប្បធម៌គឺជាដួងព្រលឹងរបស់ជាតិ ជាអត្តសញ្ញាណស្នូល និងជាធនធានដ៏មានតម្លៃមិនចេះរីងស្ងួត ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងភាពជាដៃគូរវាងប្រទេសយើងទាំងពីរ» លោកជំទាវបានបន្ថែម។
ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមជាច្រើន រួមទាំងមន្ត្រីរដ្ឋាភិបាល អ្នកការទូត សិស្សានុសិស្ស និងសាធារណជនទូទៅ ដែលបានមកទស្សនានិងទទួលយកឱកាសស្វែងយល់ពីវប្បធម៌ដ៏សម្បូរបែបរបស់សហព័ន្ធរុស្ស៊ី។
សរសេរដោយ៖ អ៊ាង ប៊ុនរិទ្ធ
កែសម្រួលដោយ៖ កៀន សុឃាក់
