
ទីបំផុត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្ដែងជំហរច្បាស់លាស់ថា លោកពិតជាចង់បានប្រេងរបស់អ៊ីរ៉ង់ និងមានផែនការយកកោះ Kharg ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងសំខាន់បំផុតរបស់ប្រទេសនេះ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ Financial Times កាលពីថ្ងៃអាទិត្យទី២៩ ខែមីនា ឆ្នាំ២០២៦ លោកត្រាំបានប្រកាសយ៉ាងច្បាស់៖ «និយាយឲ្យត្រង់ទៅ អ្វីដែលខ្ញុំចូលចិត្តបំផុត គឺការយកប្រេងនៅក្នុងប្រទេសអ៊ីរ៉ង់។ ខ្ញុំចង់យកប្រេង ហើយខ្ញុំនឹងយកវា!»
លោកបានបន្តថា៖ «មានមនុស្សល្ងង់ខ្លះនៅឯសហរដ្ឋអាមេរិកនិយាយថា ហេតុអ្វីបានជាលោកធ្វើបែបហ្នឹង? ប៉ុន្តែពួកគេទេដែលជាមនុស្សល្ងង់នោះ។ យើងធ្វើដូចអ្វីដែលយើងធ្វើនៅវ៉េណេស៊ុយអេឡា ហើយយើងនឹងធ្វើវានៅអ៊ីរ៉ង់ដែរ។»
យុទ្ធនាការយោធារួមគ្នារបស់អាមេរិក និងអ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ បានដំណើរការជាងមួយខែហើយ ដោយមានគោលដៅសំខាន់លើកោះ Kharg ដែលជាកោះតូចមួយនៅឈូងសមុទ្រពែរ្ស ប៉ុន្តែជាដង្ហើមសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ដោយផ្តល់នូវ៩០% នៃការនាំចេញប្រេងទាំងអស់។
លោកត្រាំបានបង្ហាញជំហរមិនខ្វល់ខ្វាយចំពោះ «ផែនការសន្តិភាព១៥ចំណុច» ដោយលោកបានពោលថា៖ «ខ្ញុំមិនបានស្រេកឃ្លានចង់បានកិច្ចព្រមព្រៀងនោះទេ។ ខ្ញុំមិនខ្វល់ឡើយ! អ្វីដែលខ្ញុំចង់បានគឺប្រេង ហើយយើងនឹងយកវា។»

ទោះបីជាមានការព្រមានពីអ្នកជំនាញយោធាអំពីគ្រោះថ្នាក់កម្រិតខ្ពស់ក៏ដោយ ក៏លោកត្រាំនៅតែបន្តជំហររឹងមាំរបស់លោក។ អតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានព្រមានថា ការវាយលុកតាមទឹកដើម្បីឡើងលើកោះ Kharg គឺជា «ប្រតិបត្តិការដែលពិបាកបំផុតមួយក្នុងសង្គ្រាមសម័យទំនើប»។
អ៊ីរ៉ង់បានឆ្លើយតបយ៉ាងក្តៅគគុកថា កងទ័ពអ៊ីរ៉ង់កំពុងរង់ចាំស្វាគមន៍ទ័ពជើងគោកអាមេរិកមកដល់ ដោយបញ្ជាក់ថាកោះ Kharg ត្រូវបានការពារយ៉ាងរឹងមាំជាមួយនឹងប្រព័ន្ធការពារអាកាស និងអាវុធទំនើបៗ។
អត្ថបទ៖ សុខ សុវណ្ណ
