ស្ថានការណ៍នៅមជ្ឈិមបូព៌ាកំពុងកាន់តែតានតឹងខ្លាំង បន្ទាប់ពីសហរដ្ឋអាមេរិកបានបង្កើនកម្លាំងយោធា និងត្រៀមបញ្ជូនទ័ពជើងគោកចំនួន ១០,០០០ នាក់ទៅកាន់អ៊ីរ៉ង់។ ទីក្រុងតេហេរ៉ង់បានបញ្ជូនសារគំរាមទៅលោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយបញ្ជាក់ថា កងទ័ពអ៊ីរ៉ង់កំពុងរង់ចាំស្វាគមន៍ទ័ពជើងគោកអាមេរិកមកដល់។

តាមការផ្សាយរបស់ VN Express កាលពីថ្ងៃអាទិត្យទី២៩ ខែមីនា ឆ្នាំ២០២៦ ប្រធានសភាអ៊ីរ៉ង់ Mohammad Bagher Ghalibaf បានប្រកាសថា៖ «សត្រូវកំពុងផ្ញើសារជាចំហអំពីការចរចានិងសន្ទនា ប៉ុន្តែបែរជាលួចរៀបចំផែនការវាយប្រហារតាមផ្លូវគោកជាសម្ងាត់ទៅវិញ។ ពួកគេមិនដឹងទេថា ទាហានអ៊ីរ៉ង់កំពុងរង់ចាំទ័ពអាមេរិកមកដល់ដីគោក ដោយត្រៀមលក្ខណៈរួចជាស្រេចដើម្បីបើកការវាយប្រហារកម្ទេចសត្រូវ និងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើសម្ព័ន្ធមិត្តក្នុងតំបន់របស់ពួកគេ»។
ស្របពេលជាមួយគ្នានោះ លោក Ghalibaf ក៏អំពាវនាវផងដែរឲ្យប្រជាជនអ៊ីរ៉ង់រួបរួមគ្នាខណៈប្រទេសជាតិកំពុងស្ថិតក្នុង «សង្គ្រាមសកលដ៏ធំមួយ» ដែលស្ថិតក្នុងដំណាក់កាលដ៏គ្រោះថ្នាក់បំផុត។ លោកនិយាយថា៖ «យើងច្បាស់ក្នុងចិត្តថា យើងអាចដាក់ទណ្ឌកម្មសហរដ្ឋអាមេរិក ធ្វើឲ្យពួកគេស្តាយក្រោយចំពោះការវាយប្រហារលើអ៊ីរ៉ង់ និងការពារសិទ្ធិស្របច្បាប់របស់យើងយ៉ាងរឹងមាំ»។
សម្តីរបស់ប្រធានសភារូបនេះ កើតឡើងបន្ទាប់ពីកាសែត The Washington Post ផ្សាយកាលពីថ្ងៃអាទិត្យថា មន្ទីរបញ្ចកោណ បានរៀបចំផែនការបម្រុងសម្រាប់ប្រតិបត្តិការយោធានៅលើដីគោកក្នុងប្រទេសអ៊ីរ៉ង់ ដែលអាចនឹងអូសបន្លាយពេលរាប់សប្តាហ៍ បើទោះបីជាលោក ត្រាំ បញ្ជាក់ថា លោកមិនទាន់មានបំណងដាក់ពង្រាយទ័ពក៏ដោយ។
ផែនការនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ជម្រើសឲ្យបានច្រើនបំផុតសម្រាប់មេបញ្ជាការកំពូល ក្នុងករណីដែលសង្គ្រាមឈានចូលដល់ដំណាក់កាលកាន់តែគ្រោះថ្នាក់។
ប្រតិបត្តិការដែលបានព្រាងទុកនេះ មិនមែនជាការវាយលុកលក្ខណៈទ្រង់ទ្រាយធំដើម្បីកាន់កាប់ប្រទេសនោះទេ ប៉ុន្តែជាការវាយឆ្មក់តាមបែបកងទ័ពពិសេស និងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាមជ្ឈមណ្ឌលនាំចេញប្រេងនៅកោះ Kharg ដើម្បីកាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ច និងការពារផ្លូវនាវាចរណ៍។
ស្ថានភាពនេះត្រូវបានគេមើលឃើញថាជា «របត់ដ៏គ្រោះថ្នាក់បំផុត» សម្រាប់កងទ័ពអាមេរិក ព្រោះពួកគេនឹងត្រូវប្រឈមមុខដោយផ្ទាល់ជាមួយមីស៊ីល ដ្រូន និងគ្រាប់បែកកែច្នៃរបស់អ៊ីរ៉ង់។
អត្ថបទ៖ សុខ សុវណ្ណ
