
ខេត្តប៉ៃលិន – លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញប្រគល់ផ្ទះ១ខ្នងជូនដល់អតីតយុទ្ធជនម្នាក់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។

ផ្ទះនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលត្រូវបានកសាងដោយសម្ដេចមហាបវរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

អតីតយុទ្ធជនអ្នកទទួលផ្ទះគឺលោកតា ប៉ាង សន ភេទប្រុស អត្តលេខ RA07001062 រស់នៅភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន។ ផ្ទះថ្មីនេះនឹងជួយសម្រាលដល់ទុក្ខលំបាក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់លោកតា។

ក្រោយទទួលបានអំណោយដ៏ថ្លៃថ្លានេះ លោកតាប៉ាង សន បានថ្លែងអំណរគុណយ៉ាងរំភើប និងជូនពរដល់សម្តេចតេជោ ហ៊ុន សែន ឱ្យមានសុខភាពល្អ កម្លាំងមាំមួន និងប្រាជ្ញាឈ្លាសវៃក្នុងការបន្តដឹកនាំប្រទេសជាតិ។

លោកតាបានបញ្ជាក់ថា៖ “ខ្ញុំរកអ្វីថ្លែងពុំបាននោះឡើយ មានតែលើកម្រាមដៃដប់ សូមថ្លែងអំណរគុណម្តងហើយម្តងទៀត ព្រោះនេះជាជីវិតចុងក្រោយរបស់ខ្ញុំ ដែលមានផ្ទះថ្មីសម្រាប់ស្នាក់នៅនាពេលជីវិតចុងក្រោយរបស់ខ្លួន។”

លោកតាក៏បានជូនពរដល់លោកជំទាវបណ្ឌិត បាន ស្រីមុំ និងក្រុមគ្រួសារឱ្យមានសុខភាពល្អ កម្លាំងមាំមួនក្នុងការដឹកនាំខេត្តប៉ៃលិនឱ្យរីកចម្រើនកាន់តែខ្លាំងឡើង។

ការប្រគល់ផ្ទះនេះបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល និងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាចំពោះអតីតយុទ្ធជនដែលបានចូលរួមការពារប្រទេសជាតិ។
