សង្គ្រាមអ៊ីរ៉ង់ឈានដល់ខែទី២ បាតុកម្មយក្ស «No Kings» រាលដាលពេញសហរដ្ឋអាមេរិក

សង្គ្រាមអ៊ីរ៉ង់ឈានដល់ខែទី២ បាតុកម្មយក្ស «No Kings» រាលដាលពេញសហរដ្ឋអាមេរិក

សង្គ្រាមអ៊ីរ៉ង់បានឈានដល់ខែទី២ដោយគ្មានសញ្ញានៃការបញ្ចប់ ដោយពួកអ្នកវិភាគបានចោទសួរថា តើសង្គ្រាមនេះនឹងបញ្ចប់យ៉ាងដូចម្តេច។ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំធ្លាប់បានសន្យាថានឹងកម្ទេចអ៊ីរ៉ង់ក្នុងរយៈពេលខ្លី ប៉ុន្តែឥឡូវសង្គ្រាមបានអូសបន្លាយពេលយូរជាងគេស្មាន។

បាតុកម្ម No Kings នៅសហរដ្ឋអាមេរិក

អ៊ីរ៉ង់បន្តបង្ហាញពីសមត្ថភាពក្នុងការតបតចំពោះអ៊ីស្រាអែល និងកងទ័ពអាមេរិក ដោយវាយប្រហារទៅលើប្រទេសជិតខាងដែលមានមូលដ្ឋានយោធាអាមេរិក។ លើសពីនេះ អ៊ីរ៉ង់មានសមត្ថភាពបិទច្រកសមុទ្រហរមូស ដែលនាំឱ្យតម្លៃប្រេងនិងឧស្ម័នកើនឡើងខ្ពស់ បង្កើនការបារម្ភដល់សេដ្ឋកិច្ចពិភពលោក។

ការចំណាយសែនខ្ពស់និងភាពបំផ្លិចបំផ្លាញនៃសង្គ្រាមនេះបានជំរុញឱ្យមានបាតុកម្មយក្សឈ្មោះ «No Kings» ដែលរាលដាលពេញសហរដ្ឋអាមេរិក។ បាតុកម្មនេះប្រឆាំងលោកត្រាំ នយោបាយអន្តោប្រវេសន៍ និងសង្គ្រាមប្រឆាំងអ៊ីរ៉ង់។

ក្បួនបាតុកម្មនៅទីក្រុងធំៗ

ពួកបាតុករបានលើកគ្នាដើរហែក្បួន ចូលរួមដោយតារាល្បីៗ និងស្រែកពាក្យដូចជា «គ្មានស្តេច គ្មាន ICE គ្មានសង្គ្រាម»។ ពីមីនីប៉ូលិសដល់ហ្វីឡាដែលហ្វីយ៉ា បូស្តុន និងទីក្រុងធំៗផ្សេងទៀត ពួកបាតុករបានដើរហែក្បួនជាមួយប៉ង់កាតចារពាក្យប្រឆាំងសង្គ្រាម។

ចលនា NO KINGS បានប្រកាសពីការរៀបចំបាតុកម្មដ៏ធំសម្រាប់ថ្ងៃទី៣ប្រឆាំងលោកត្រាំ។ បាតុកម្មប្រឆាំងលោកត្រាំនាថ្ងៃទី២៨មីនា មានមនុស្សចូលរួមក្នុងទូទាំងអាមេរិកដល់យ៉ាងតិច៨លាននាក់ ក្នុងក្បួនបាតុកម្មដល់៣៣០០។

អតីតយុទ្ធជនអាមេរិកម្នាក់អាយុ៣៦ឆ្នាំដែលមកចូលរួមធ្វើបាតុកម្មនៅក្រុងអាត្លង់តាបានថ្លែងថា៖ «យើងយល់ថារដ្ឋធម្មនុញ្ញអាមេរិកកំពុងរងការគំរាមកំហែងច្រើនបែបយ៉ាងណាស់។ សភាពការណ៍មិនមែនធម្មតាទេនិងមិនអាចទទួលយកបាន។»

នៅក្រុងវ៉ាស៊ីនតោន ពួកបាតុករនិយាយថា៖ «លោកត្រាំគ្រាន់តែនិយាយកុហក។ ខ្ញុំគិតថាមនុស្សកាន់តែច្រើនកំពុងផ្ទុះកំហឹងហើយអ្វីៗនឹងមានការផ្លាស់ប្តូរសន្សឹមៗ។»

បាតុកម្មនេះកើតឡើងក្នុងពេលដែលសង្គ្រាមនៅមជ្ឈិមបូព៌ាបានឈានដល់១ខែ និងជិតដល់ថ្ងៃបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីនាខែវិច្ឆិកា។

administrator

Related Articles