រូបភាពថ្មីៗដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមីនា បង្ហាញឱ្យឃើញពីការខូចខាតយ៉ាងធ្ងន់ធ្ងរនៃយន្តហោះ E-3 Sentry របស់សហរដ្ឋអាមេរិក ដែលមានតម្លៃជាង ៥០០លានដុល្លារ បន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ លើមូលដ្ឋានទ័ពអាកាស Prince Sultan នៅអារ៉ាប៊ីសាអូឌីត។

តាមរយៈរូបភាពដែលបានលេចធ្លាយ ផ្នែកកន្ទុយយន្តហោះត្រូវបានឆេះខ្លោចយ៉ាងខ្លាំង ចំណែកឯថាសរ៉ាដាដ៏ធំនៅលើខ្នងយន្តហោះបានធ្លាក់មកដី។ អ្នកជំនាញអាកាសចរណ៍យោធាបានអះអាងថា ការខូចខាតនេះធ្ងន់ធ្ងររហូតមិនអាចជួសជុលបានឡើយ។
យន្តហោះដែលរងគ្រោះមានលេខសម្គាល់ «81-0005» គឺជាយន្តហោះមួយក្នុងចំណោមយន្តហោះ E-3 ចំនួន ៦គ្រឿងដែលអាមេរិកបានដាក់ពង្រាយនៅអារ៉ាប៊ីសាអូឌីតមុនពេលជម្លោះផ្ទុះឡើង។ កាសែត Wall Street Journal បានរាយការណ៍ថា ការវាយប្រហារកាលពីថ្ងៃទី២៨មីនា បានបណ្តាលឱ្យកងទ័ពអាមេរិក ១២នាក់រងរបួស និងខូចខាតយន្តហោះចាក់សាំងលើអាកាសជាច្រើនគ្រឿងទៀត។

ការបាត់បង់នេះគឺជាការប៉ះទង្គិចយ៉ាងខ្លាំងដល់សមត្ថភាពឃ្លាំមើលតាមអាកាសរបស់អាមេរិក ដោយសារបច្ចុប្បន្នអាមេរិកមានយន្តហោះប្រភេទនេះតែ ១៦គ្រឿងប៉ុណ្ណោះនៅក្នុងបញ្ជីសកម្ម។
យន្តហោះ E-3 Sentry ត្រូវបានគេប្រៀបប្រដូចទៅនឹង «ភ្នែកទិព្វ» ដោយសារសមត្ថភាពអាចរកឃើញយន្តហោះសត្រូវពីចម្ងាយរាប់រយគីឡូម៉ែត្រ។ ទោះបីជារូបភាពផ្កាយរណបបង្ហាញពីស្នាមឆេះយ៉ាងធំនៅលើទីលានចតយន្តហោះក៏ដោយ ប៉ុន្តែបញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) មិនទាន់ចេញមុខបញ្ជាក់ជាផ្លូវការជុំវិញព័ត៌មាន និងរូបភាពដែលបានលេចធ្លាយនេះនៅឡើយទេ។
