ហ៊ូធីគំរាមចូលសង្គ្រាមដោយផ្ទាល់ បើសម្ព័ន្ធមិត្តអាមេរិកបន្តវាយប្រហារអ៉ីរ៉ង់

ហ៊ូធីគំរាមចូលសង្គ្រាមដោយផ្ទាល់ បើសម្ព័ន្ធមិត្តអាមេរិកបន្តវាយប្រហារអ៉ីរ៉ង់

សមុទ្រក្រហមកំពុងក្លាយជាតំបន់ឆាបឆេះថ្មីក្នុងវិសាលភាពសង្គ្រាមអ៉ីរ៉ង់ នៅពេលដែលក្រុមឧទ្ទាមហ៊ូធីយេម៉ែនបានគំរាមចូលប្រឡូកក្នុងសង្គ្រាមដោយផ្ទាល់ បើសម្ព័ន្ធមិត្តអាមេរិក និងអ៉ីស្រាអែលបន្តបង្កើនការវាយប្រហារលើអ៉ីរ៉ង់។

សមុទ្រក្រហម

កាលពីថ្ងៃទី២៨ មីនា ពួកឧទ្ទាមហ៊ូធីបានអះអាងថា បានវាយប្រហារទីតាំងច្រើនកន្លែងរបស់អ៉ីស្រាអែល ដែលជាការវាយប្រហារលើកដំបូងតាំងពីចាប់ផ្ដើមសង្គ្រាមនៅមជ្ឈឹមបូព៌ាមក។ ការវាយប្រហារនេះគឺដើម្បីជួយទ្រទ្រង់ដល់ការតស៊ូរបស់អ៉ីរ៉ង់ និងក្រុមហេសប៊ុលឡាហ៍លីបង់។

អ្នកនាំពាក្យយោធារបស់ហ៊ូធី លោកយ៉ាហ៍យ៉ាសារេ បានថ្លែងតាមបណ្ដាញសង្គម X ថា៖ “យើងត្រៀមធ្វើអន្តរាគមន៍យោធាដោយផ្ទាល់ ប្រសិនបើសម្ព័ន្ធមិត្តថ្មីជាមួយអាមេរិក និងអ៉ីស្រាអែលធ្វើប្រតិបត្តិការប្រទូស្តរ៉ាយចំពោះអ៉ីរ៉ង និងប្រទេសអ៊ិស្លាមទាំងអស់ ចេញពីសមុទ្រក្រហម។”

ការវាយប្រហារ

ពួកហ៊ូធីបានអះអាងថា ការវាយប្រហាររបស់ខ្លួននឹងបន្តទៀត រហូតដល់អ៉ីស្រាអែលបញ្ឈប់ការវាយលុកខាងយោធាលើគ្រប់រណសិរ្ស។ ការវាយប្រហាររបស់ពួកហ៊ូធីជាមួយការបាញ់ស្រោកមីស៊ីល សំដៅលើទីតាំងរសើបរបស់អ៉ីស្រាអែល។

ក្រុមឧទ្ទាមដ៏ខ្លាំងនេះ ដែលស្និទ្ធអ៉ីរ៉ង់ និងត្រួតត្រាផ្លែកមួយធំរបស់ប្រទេសយេម៉ែន ធ្លាប់វាយប្រហារប្រឆាំងអ៉ីស្រាអែលជាច្រើនលើក និងបណ្ដានាវាពាណិជ្ជកម្មក្នុងសមុទ្រក្រហម ក្នុងសង្គ្រាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីននៅជ្រោយហ្គាហ្សា។

ការបាញ់មីស៊ីល និងការប្រើដ្រូនបាននាំឲ្យមានការស្ទះដល់ការធ្វើនាវាចរណ៍តាមផ្លូវសមុទ្រយុទ្ធសាស្ត្រនោះ ដែលបច្ចុប្បន្នប្រើប្រាស់ជាពិសេសដោយអារ៉ាប៊ីសាអូឌីត សម្រាប់ដឹកប្រេងចេញ។

ទោះបីជាពួកហ៊ូធីមកទល់ពេលនេះ នៅមិនទាន់ហក់ចូលក្នុងការប្រទូស្តរ៉ាយនៅឡើយក៏ដោយ ក៏ប្រមុខក្រុមឧទ្ទាមដ៏ខ្លាំងនោះធ្លាប់បានគំរាមថា ពួកគេនឹងហក់ចូលធ្វើអន្តរាគមន៍យោធាដោយមិនមានពេលកំណត់ ប្រសិនបើសង្គ្រាមទាមទារ។

អត្ថបទសរសេរដោយ ខាន់ សុខឃន
កែសម្រួលដោយ ស្រីណា

administrator

Related Articles