
តម្លៃប្រេងអន្តរជាតិបន្តហក់ឡើងខ្លាំងនៅទីផ្សារអាស៊ី នៅព្រឹកថ្ងៃចន្ទទី៣០ មីនា ដោយកំពុងឆ្ពោះទៅរកការបំបែកកំណត់ត្រាកំណើនតម្លៃប្រចាំខែខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត។ ការកើនឡើងនេះកើតឡើងនៅពេលជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាន់តែរីករាលដាល។
តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង ៣,០៩ ដុល្លារ ឬ ២,៧៤% ដល់ ១១៥,៦៦ ដុល្លារក្នុងមួយបារ៉ែល នៅពេលជិតម៉ោង ៨ ព្រឹកនៅទីក្រុងហុងកុង។ នេះបន្ទាប់ពីបានហក់ឡើង ៤,២% ពេលបិទការជួញដូរកាលពីថ្ងៃសុក្រ។

ចំណែកប្រេងឆៅអាមេរិកម៉ាក WTI វិញ បានកើនឡើង ២,៩២ ដុល្លារ ឬ ២,៩៣% ដល់ ១០២,៥៦ ដុល្លារក្នុងមួយបារ៉ែល។ ការកើនឡើងនេះកើតឡើងក្រោយពីបានកើនឡើង ៥,៥% ពេលបិទការជួញដូរថ្ងៃសុក្រ។
គិតតែក្នុងខែមីនានេះ តម្លៃប្រេងម៉ាក Brent បានកើនឡើងប្រមាណ ៥៩% រួចទៅហើយ ដែលជាការហក់ឡើងនៃតម្លៃប្រចាំខែដ៏ខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត។ ការកើនឡើងនេះលើសអត្រាកំណើនអំឡុងសង្រ្គាមឈូងសមុទ្រពែរ្សនៅទសវត្សរ៍ឆ្នាំ ១៩៩០ ទៅទៀត។

ការហក់ឡើងនេះមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងជម្លោះបច្ចុប្បន្ន ដែលធ្វើឱ្យអ៊ីរ៉ង់បិទច្រកសមុទ្រហ័រមូហ្ស ដែលជាផ្លូវទឹកសំខាន់ដឹកជញ្ជូនប្រេង ១/៥ នៃតម្រូវការប្រចាំថ្ងៃរបស់ពិភពលោក។
ជម្លោះនេះបានចូលដល់គម្រប់ខួប១ខែ ប៉ុន្តែនៅតែតានតឹង និងបន្តរីករាលដាល។ អ្នកវិភាគរបស់ធនាគារ JP Morgan បាននិយាយថា ជម្លោះឥឡូវនេះលែងនៅតែក្នុងតំបន់ឈូងសមុទ្រពែរ្ស និងច្រកសមុទ្រហ័រមូហ្សទៀតហើយ ដោយវាបានរីករាលដាលដល់សមុទ្រក្រហម និងច្រកសមុទ្របាបអែលម៉ាន់ដេប។
ការវាយប្រហារណាមួយលើសមុទ្រក្រហម នឹងគំរាមកំហែងដល់សុវត្ថិភាពនាំចេញប្រេងរបស់អារ៉ាប៊ីសាអូឌីត ដែលពឹងផ្អែកខ្លាំងលើផ្លូវទឹកមួយនេះ។
