ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៣០ មីនា ២០២៦ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសព័ត៌មានសំខាន់ៗចំនួន ៣ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

១. វិធានការបញ្ចុះពន្ធគយជាច្រើន
ដើម្បីជួយប្រជាពលរដ្ឋក្នុងពេលតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់ រាជរដ្ឋាភិបាលបានអនុម័តការកែសម្រួលអត្រាពន្ធគយលើទំនិញនាំចូល និងអត្រាអាករនាំចេញជាច្រើន៖
• បញ្ចុះពន្ធនាំចូលពី ៧% មក ០% លើឧបករណ៍សាកអាគុយរថយន្តអគ្គិសនី និងចង្កៀងសូឡា
• បញ្ចុះពន្ធនាំចូលពី ១៥% មក ០% លើម៉ូទ័រយានយន្តអគ្គិសនី ប្រព័ន្ធថាមពលសូឡា និងអាគុយលីចូម
• បញ្ចុះពន្ធនាំចូលពី ៣៥% មក ៧% លើរថយន្តគ្រួសារប្រភេទ PHEV
• បញ្ចុះពន្ធនាំចូលពី ៣៥% មក ០% លើរថយន្តគ្រួសារប្រភេទ EV
• បញ្ចុះអាករនាំចេញពី ២៥% មក ១០% លើរ៉ែបុកស៊ីត
វិធានការថ្មីនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី១ មេសា ២០២៦។

២. សកម្មភាពសង្កេតការណ៍ព្រំដែនអាស៊ាន
ក្រុមសម្របសម្រួលកម្ពុជា បានរៀបចំឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍តំបន់ព្រំដែននៅខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ។ សកម្មភាពនេះធ្វើឡើងក្រោយសេចក្តីប្រកាសរួមថ្ងៃទី២៧ ធ្នូ ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមាន។
៣. សម្តេចជំទាវអញ្ជើញសួរសុខទុក្ខវីរកងទ័ព
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញសួរសុខទុក្ខវីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លោកជំទាវបានពាំនាំសារសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា៖ «ការការពារបូរណភាពទឹកដីនិងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល»។
