ភ្នំពេញ – ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អ៊ីរ៉ង់បានយល់ព្រមលើលក្ខខណ្ឌសន្តិភាពភាគច្រើនក្នុងចំណោម១៥ចំណុចដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ជាតម្រូវការ។

ក្នុងសន្និសីទសារព័ត៌មានលើយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យទី២៩ មីនា ២០២៦ លោកត្រាំបានថ្លែងយ៉ាងច្បាស់ថា៖ «ពួកគេ (អ៊ីរ៉ង់) បានយល់ព្រមតាមការទាមទារភាគច្រើនរបស់យើងហើយ។ ហេតុអ្វីបានជាពួកគេមិនយល់ព្រមទៅ? ពួកគេបានយល់ព្រមតាមផែនការរបស់យើង។ យើងបានស្នើសុំចំនួន ១៥ ចំណុច ហើយជាមូលដ្ឋាន យើងអាចដាក់ការទាមទារបន្ថែមពីរបីទៀតក៏បាន»។
ទោះជាយ៉ាងណាក៏ដោយ ប្រមុខសេតវិមានមិនបានបញ្ជាក់លម្អិតអំពីលក្ខខណ្ឌណាខ្លះដែលអ៊ីរ៉ង់បានយល់ព្រម និងលក្ខខណ្ឌណាខ្លះដែលនៅសេសសល់។ ចំណែកឯអាជ្ញាធរអ៊ីរ៉ង់ក៏មិនទាន់បញ្ចេញប្រតិកម្មផ្លូវការចំពោះការអះអាងនេះដែរ។
លក្ខខណ្ឌសន្តិភាពរបស់សហរដ្ឋអាមេរិករួមមាន៖ ការរុះរើសមត្ថភាពនុយក្លេអ៊ែរ ការបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ ការអនុញ្ញាតឱ្យទីភ្នាក់ងារថាមពលអាតូមិកចូលពិនិត្យ ការបញ្ឈប់ការគាំទ្រក្រុមសកម្មភេរវកម្ម និងការធានាឱ្យច្រកសមុទ្រ Hormuz បើកចំហសេរី។

អ៊ីរ៉ង់បានដាក់លក្ខខណ្ឌត្រឡប់មកវិញចំនួន៥ចំណុច រួមមាន៖ ការបញ្ឈប់អំពើឈ្លានពាន ការធានាការពារកុំឱ្យមានសង្គ្រាមថ្មី ការបង់សំណងសង្គ្រាម ការបញ្ចប់អរិភាពលើតំបន់ និងការទទួលស្គាល់អធិបតេយ្យភាពលើច្រកសមុទ្រ Hormuz។
ការអភិវឌ្ឍនេះកើតឡើងបន្ទាប់ពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានបញ្ជូនផែនការសន្តិភាពតាមរយៈប្រទេសប៉ាគីស្ថាន ដោយសង្ឃឹមថានឹងអាចពន្លត់ភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាដែលបានរីករាលដាលអស់រយៈពេលជាច្រើនខែមកហើយ។
