ខេត្តតាកែវ៖ គម្រោងព្រែកជីកហ្វូណនតេជោ ដំណាក់កាលទី២ នឹងចាប់ផ្ដើមសាងសង់ជាផ្លូវការនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ នៅភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

គម្រោងសំខាន់នេះបានទទួលការត្រៀមរៀបចំយ៉ាងហ្មត់ចត់ បន្ទាប់ពីលោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងនៅថ្ងៃទី៣០ មីនា ដើម្បីធានាបាននូវភាពរលូនក្នុងពិធីបើកការដ្ឋាន។

លោកអភិបាលខេត្តបានបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោគឺជាគម្រោងផ្លូវទឹកយុទ្ធសាស្ត្រដ៏ធំមួយ ដែលនឹងជំរុញសកម្មភាពដឹកជញ្ជូន និងពាណិជ្ជកម្មក្នុងតំបន់ឱ្យកាន់តែរីកចម្រើន។ គម្រោងនេះត្រូវបានរំពឹងថានឹងជំរុញសេដ្ឋកិច្ចក្នុងតំបន់ឱ្យមានការរីកចម្រើនយ៉ាងខ្លាំង។

“ប្រសិនបើគ្មានអ្វីប្រែប្រួល នៅថ្ងៃទី១១ មេសាខាងមុខ យើងនឹងមានពិធីបើកការដ្ឋានសាងសង់ដំណាក់កាលទី២ ក្រោមអធិបតីភាពសម្ដេច ហ៊ុន ម៉ាណែត” លោកអភិបាលខេត្តបានអះអាង។

គួរកត់សម្គាល់ថា គម្រោងព្រែកជីកហ្វូណនតេជោមានប្រវែងប្រមាណ ៥៨គីឡូម៉ែត្រ ដោយឆ្លងកាត់ស្រុក-ក្រុងចំនួន៦ នៅក្នុងខេត្តតាកែវ រួមមាន៖ ស្រុកអង្គរបូរី ស្រុកព្រៃកប្បាស ស្រុកទ្រាំង ស្រុកបូរីជលសារ ស្រុកកោះអណ្ដែត និងស្រុកគិរីវង់។
ដោយ៖ តារា
