ហ្វីលីពីនទិញប្រេងរុស្ស៉ី២.៥លានបារ៉ែល ដោះស្រាយវិបត្តិថាមពលជាតិ

ហ្វីលីពីនទិញប្រេងរុស្ស៉ី២.៥លានបារ៉ែល ដោះស្រាយវិបត្តិថាមពលជាតិ

ហ្វីលីពីនបានចាប់ផ្ដើមទិញប្រេងឆៅពីរុស្ស៉ីចំនួន២.៥លានបារ៉ែល ដើម្បីដោះស្រាយវិបត្តិថាមពលជាតិដ៏ធ្ងន់ធ្ងរ ក្រោមស្ថានភាពការផ្គត់ផ្គង់ប្រេងពីមជ្ឈិមបូព៌ាកំពុងខ្វះខាតយ៉ាងខ្លាំង។

ប្រេងឆៅរុស្ស៉ី

សារព័ត៌មាន AFP បានរាយការណ៍នៅថ្ងៃចន្ទទី៣០ មីនា ២០២៦ ថា ក្រុមហ៊ុន Petron Corp ដែលជាក្រុមហ៊ុនចម្រាញ់ប្រេងតែមួយគត់នៅហ្វីលីពីន បានធានាការទិញប្រេងឆៅពីរុស្ស៉ី បន្ទាប់ពីសហរដ្ឋអាមេរិកបានលើកលែងទណ្ឌកម្មលើប្រេងរុស្ស៉ីជាបណ្តោះអាសន្ន។

ការសម្រេចចិត្តនេះមកក្រោយពីការដឹកជញ្ជូនប្រេងជាង៤លានបារ៉ែលត្រូវបានលុបចោល ដោយសារសង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ និងការបិទច្រកសមុទ្រហ័រមូសស្ទើរតែទាំងស្រុង។

វិបត្តិថាមពល

ក្រុមហ៊ុន Petron ដែលទទួលបន្ទុក៣០% នៃតម្រូវការប្រេងឥន្ធនៈរបស់ហ្វីលីពីន នឹងយកប្រេងឆៅទៅកែច្នៃជាឥន្ធនៈសម្រាប់ប្រើប្រាស់ ដូចជាម៉ាស៊ូត។ យោងតាមទិន្នន័យឆ្នាំ២០២៤ ការប្រើប្រាស់ម៉ាស៊ូតប្រចាំថ្ងៃនៅហ្វីលីពីនមានជិត២០២,០០០បារ៉ែល។

រដ្ឋាភិបាលប្រធានាធិបតី Marcos បានបង្ហាញថា ស្តុកប្រេងឥន្ធនៈនៅហ្វីលីពីនមានត្រឹមតែ៥៣ថ្ងៃសម្រាប់សាំង, ៤៥ថ្ងៃសម្រាប់ម៉ាស៊ូត, ៩៧ថ្ងៃសម្រាប់ប្រេងកាត, ២៣ថ្ងៃសម្រាប់ឧស្ម័ន LPG និង៣៨ថ្ងៃសម្រាប់ប្រេងយន្តហោះ។

ស្តុកប្រេង

តម្លៃប្រេងឥន្ធនៈនៅហ្វីលីពីនបានកើនឡើងទ្វេដងចាប់តាំងពីថ្ងៃទី២៨ កុម្ភៈ ហើយត្រូវបានគេរំពឹងថានឹងបន្តកើនឡើងទៀត។ ហ្វីលីពីនគឺជាប្រទេសដំបូងគេដែលបានប្រកាសភាពអាសន្នថ្នាក់ជាតិផ្នែកថាមពល ដោយសារផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ា។

ដោយ៖ ធីរីណា

administrator

Related Articles