កម្លាំងនគរបាលខេត្តបន្ទាយមានជ័យបានចាប់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៨នាក់ ក្នុងប្រតិបត្តិការប្រឆាំងនឹងបទល្មើសលួចទ្រព្យសម្បត្តិ និងការប្រើប្រាស់ថ្នាំញៀន។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ឯក ភឿង ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការខេត្ត។

កម្លាំងនគរបាលបានដកហូតវត្ថុតាងដូចជា ម៉ូតូម៉ាកស្កុបពីពណ៌ទឹកក្រូច១គ្រឿង និងម៉ូតូម៉ាក C១២៥ ពណ៌ខ្មៅ១គ្រឿង ដែលទាំងពីរគ្មានស្លាកលេខ។
ជនសង្ស័យទាំង៨នាក់បានសារភាពទទួលស្គាល់ការប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោស ការចែកចាយ និងប្រើប្រាស់ថ្នាំញៀន។ ម៉ូតូដែលដកហូតបានត្រូវបានប្រគល់ជូនជនរងគ្រោះវិញ។

បច្ចុប្បន្ន ជនសង្ស័យទាំងនេះត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
