ភ្នំពេញ – រដ្ឋមន្ត្រីការពារប្រទេសហ្វាំងឡង់ លោក Antti Hakkanen បានចេញមុខព្រមានសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៨ មីនា កុំឱ្យបង្វែរអាវុធដែលអឺរ៉ុបទិញពីអាមេរិកសម្រាប់ផ្ដល់ដល់អ៊ុយក្រែន យកទៅប្រើក្នុងសង្គ្រាមប្រឆាំងអ៉ីរ៉ង់។

ក្នុងកិច្ចសម្ភាសន៍ជាមួយអឺរ៉ុបញូស លោក Hakkanen បានថ្លែងយ៉ាងច្បាស់ថា៖ “យើងមិនចង់ឱ្យអាវុធដែលអឺរ៉ុបទិញពីអាមេរិកសម្រាប់អ៊ុយក្រែន ត្រូវបានពង្វាងយកទៅប្រើប្រឆាំងអ៉ីរ៉ង់ឡើយ។”
លោកបន្តថា ហ្វាំងឡង់ជឿជាក់ថា សហរដ្ឋអាមេរិកនឹងគោរពកិច្ចសន្យាដែលបានចុះជាមួយប្រទេសអឺរ៉ុបសមាជិកណាតូ ដែលបានទិញអាវុធទាំងនោះសម្រាប់អ៊ុយក្រែនពីក្រុមហ៊ុនយោធាអាមេរិក។

បញ្ហានេះត្រូវបានលើកឡើងក្នុងអត្ថបទមួយរបស់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ ដែលរាយការណ៍ថា ក្រសួងការពារជាតិអាមេរិកមានផែនការពង្វាងឧបករណ៍យោធាសំខាន់ៗទាំងនេះ សម្រាប់ផ្ដល់ដល់កងទ័ពអ៊ុយក្រែន យកទៅប្រើក្នុងសង្គ្រាមប្រឆាំងអ៉ីរ៉ង់។
អាវុធដែលអឺរ៉ុបទិញពីអាមេរិកសម្រាប់អ៊ុយក្រែន រួមមានប្រព័ន្ធការពារអាកាសដែលត្រូវការខ្លាំង សម្រាប់ស្ទាក់កម្ទេចមីស៊ីល និងដ្រូនរុស្ស៊ី ដែលទិញក្នុងក្របខណ្ឌកម្មវិធី PURL របស់ណាតូ។
ប្រព័ន្ធ PURL បច្ចុប្បន្នផ្ដល់ប្រមាណ ៧៥% នៃគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារអាកាសប៉ាទ្រីយ៉ូតរបស់អ៊ុយក្រែន និង ៩០% សម្រាប់ប្រព័ន្ធការពារអាកាសផ្សេងៗទៀត។
អគ្គលេខាធិការណាតូ លោក Mark Rutte បានអះអាងថា ឧបករណ៍យោធាចាំបាច់សម្រាប់ផ្ដល់ដល់អ៊ុយក្រែន នឹងបន្តមកដល់។ ទោះជាយ៉ាងណា ប្រទេសអឺរ៉ុបមួយចំនួនមានការបារម្ភថា បើសង្គ្រាមប្រឆាំងអ៉ីរ៉ង់បន្ត និងស្តុកអាវុធនៅអាមេរិកថយចុះ នោះអាចមានការសម្រេចប្រមូលអាវុធទាំងនេះសម្រាប់ប្រើប្រឆាំងអ៉ីរ៉ង់វិញ។
