អយ្យការវៀតណាមចោទប្រកាន់អ្នកដឹកនាំក្រុមហ៊ុនយក្សពីបទគេចពន្ធរាប់ម៉ឺនដុល្លារ

អយ្យការវៀតណាមចោទប្រកាន់អ្នកដឹកនាំក្រុមហ៊ុនយក្សពីបទគេចពន្ធរាប់ម៉ឺនដុល្លារ

ហាណូយ – អយ្យការប្រជាជនកំពូលវៀតណាមបានចោទប្រកាន់ជាផ្លូវការលោក Nguyễn Văn Đông ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Rạng Đông Group ពីបទគេចពន្ធចំនួនជាង ៣,៨៨ ប៊ីលានដុង (ប្រហែល ១៥ ម៉ឺនដុល្លារ)។

ការចោទប្រកាន់អ្នកដឹកនាំក្រុមហ៊ុនវៀតណាម

យោងតាមការចុះផ្សាយរបស់កាសែត VN Express លោក Nguyễn Văn Đông ត្រូវបានចោទប្រកាន់បន្ទាប់ពីរកឃើញថា លោកបានបង្គាប់ឱ្យសាច់ញាតិ និងបុគ្គលិកក្រោមឱវាទចេញវិក្កយបត្រលក់រ៉ែក្នុងតម្លៃទាបជាងការពិត ដើម្បីបិទបាំងចំណូលជាក់ស្តែង។

តាមរយៈល្បិចកលនេះ ចំណូលដែលមិនបានដាក់បញ្ចូលក្នុងបញ្ជីគណនេយ្យក្រុមហ៊ុន (ចំណូលក្រៅបញ្ជី) មានចំនួនសរុបដល់ទៅ ១៦,៥ ប៊ីលានដុង (ជាង ៦២ ម៉ឺនដុល្លារ) ដោយទឹកប្រាក់ទាំងនោះត្រូវបានតម្រូវឱ្យអតិថិជនបង់ជា «សាច់ប្រាក់សុទ្ធ» ដើម្បីគេចចេញពីការត្រួតពិនិត្យរបស់អាជ្ញាធរពន្ធដារ។

ការត្រួតពិនិត្យពន្ធដារវៀតណាម

នៅក្នុងសំណុំរឿងដ៏ធំជាមួយគ្នានេះដែរ ក៏មានការជាប់ពាក់ព័ន្ធនឹងលោក Phan Thành Muôn ប្រធានក្រុមហ៊ុន Hưng Thịnh ពីបទសូកប៉ាន់មន្ត្រី និងធ្វើអាជីវកម្មរ៉ែខុសច្បាប់ ដែលមានតម្លៃសរុបដល់ទៅ ១,៥ ទ្រីលានដុង (ជិត ៦០ លានដុល្លារ)។

ក្នុងនោះមានមន្ត្រីជាន់ខ្ពស់ថ្នាក់ខេត្ត និងមន្ត្រីគយមួយចំនួន ក៏ត្រូវបានចោទប្រកាន់ពីបទទទួលសំណូកផងដែរ។

ការប្រយុទ្ធប្រឆាំងអំពើពុករលួយ

គួររំលឹកផងដែរថា នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុន Rạng Đông ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ ព្រោះកាលពីពេលកន្លងទៅ ក្រុមហ៊ុននេះក៏ធ្លាប់មានឈ្មោះក្នុងសំណុំរឿងដីធ្លី «គម្រោងស៊ុបព័រ» (Super Project) តំបន់ទេសចរណ៍សមុទ្រ Phan Thiết ដែលបង្កឱ្យរដ្ឋខាតបង់ថវិកាជាតិរហូតដល់ជាង ៣០០ ប៊ីលានដុង(ជាង១លានដូល្លារ)។

ដោយ៖ តារា

administrator

Related Articles