អ្នកគាំទ្រអង់គ្លេសលក់ផ្ទះដើម្បីទៅមើល World Cup 2026 ទាំងមូល

អ្នកគាំទ្រអង់គ្លេសលក់ផ្ទះដើម្បីទៅមើល World Cup 2026 ទាំងមូល

Andy Milne អ្នកគាំទ្រអង់គ្លេស

ចក្រភពអង់គ្លេស៖ អ្នកគាំទ្របាល់ទាត់អង់គ្លេសវ័យ ៦២ ឆ្នាំ លោក Andy Milne បានធ្វើឱ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីសម្រេចចិត្តលក់ផ្ទះតម្លៃ ៣៥០,០០០ ផោន (ប្រហែល ៤៦៤,០០០ ដុល្លារ) ដើម្បីទៅទស្សនាការប្រកួតពិភពលោក ២០២៦ ទាំងអស់របស់ក្រុមតោកំណាចអង់គ្លេស។

World Cup 2026

លោក Milne ដែលជាអតីតគ្រូបង្រៀន បច្ចុប្បន្នរស់នៅប្រទេសថៃ បានលេចធ្លោខ្លាំងក្នុងព្រឹត្តិការណ៍ World Cup ២០២២ បន្ទាប់ពីរូបថតរបស់លោកពាក់អាវក្រុមអង់គ្លេស និងពានរង្វាន់ World Cup ចម្លងត្រូវបានចែកចាយពេញបណ្តាញទំនាក់ទំនងសង្គម។ ចាប់តាំងពីពេលនោះមក លោកបានក្លាយជាអ្នកគាំទ្រដែលគ្រប់គ្នាធ្លាប់ស្គាល់មុខ។

អ្នកគាំទ្រដ៏ស្មោះស្ម័គ្ររូបនេះបានចាប់ផ្តើមដំណើរគាំទ្រក្រុមអង់គ្លេសជាលើកដំបូងក្នុងឆ្នាំ ១៩៨២ នៅអេស្ប៉ាញ នៅពេលដែលលោកមានអាយុត្រឹមតែ ១៩ ឆ្នាំ។ ក្នុងរយៈពេលជាង ៤ ទសវត្សរ៍មកនេះ លោក Milne បានចូលរួមព្រឹត្តិការណ៍ World Cup បុរសចំនួន ៨ លើក និង World Cup នារីឆ្នាំ ២០២៣។

ការប្រកួតបាល់ទាត់

ដើម្បីអាចចូលរួមព្រឹត្តិការណ៍ World Cup ២០២៦ ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ លោក Milne បានសម្រេចចិត្តលក់ផ្ទះនៅទីក្រុង Norwich របស់លោក។

លោក Milne បានថ្លែងថា៖ «World Cup ចុងក្រោយនៅកាតា គឺជាអំណោយមួយសម្រាប់ខ្លួនខ្ញុំផ្ទាល់។ ខ្ញុំបានសន្សំលុយអស់ពេលជាច្រើនឆ្នាំ។ យើងមានផ្ទះទី២ ហើយខ្ញុំគិតថា ឥឡូវនេះជាពេលដ៏ល្អបំផុតដើម្បីលក់វា។ ខ្ញុំចង់មើលការប្រកួតទាំងមូល។»

លោក Milne នឹងមានវត្តមាននៅក្នុងការប្រកួតបើកឆាករបស់អង់គ្លេសទល់នឹងក្រូអាស៊ីនៅថ្ងៃទី១៧ ខែមិថុនា។ លោកបច្ចុប្បន្នជាអ្នកគាំទ្រអាទិភាពរបស់ក្លិបអ្នកគាំទ្រអង់គ្លេសផ្លូវការ ដែលនេះនឹងផ្តល់ឱ្យគាត់នូវសិទ្ធិក្នុងការទិញសំបុត្រសម្រាប់ការប្រកួតវគ្គចែកពូលទាំងអស់។

ទោះជាយ៉ាងណាក៏ដោយ តម្លៃសំបុត្រនៅតែជាបញ្ហាប្រឈមដ៏ធំមួយ។ សំបុត្រវគ្គចែកពូលតម្លៃចាប់ផ្តើមពី ១៤០ ដុល្លារឡើងទៅ និងសំបុត្រវគ្គផ្តាច់ព្រ័ត្រតម្លៃដល់ទៅជាង ៨,៦០០ ដុល្លារ។ ដើម្បីកាត់បន្ថយថ្លៃដើម លោក Milne មានគម្រោងស្នាក់នៅផ្ទះមិត្តភក្តិនៅក្នុងទីក្រុងផ្សេងៗ និងកក់សំបុត្រយន្តហោះមុន។

ប្រភព៖ BBC, Daily Mail និង Znews

administrator

Related Articles