អណ្តាតភ្លើងរថយន្តថ្លៃបុកម៉ូតូ៦នាក់ស្លាប់ ជនបង្កជាកូនស្នងការរងនគរបាលរត់គេចខ្លួន

អណ្តាតភ្លើងរថយន្តថ្លៃបុកម៉ូតូ៦នាក់ស្លាប់ ជនបង្កជាកូនស្នងការរងនគរបាលរត់គេចខ្លួន

ខេត្តបាត់ដំបង៖ សមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណជនបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវដែលបានបុកម៉ូតូពីរគ្រឿង បណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ រួមទាំងកូនក្នុងផ្ទៃ និងកុមារចំនួន៣នាក់ នៅស្រុកមោងឫស្សី។

រថយន្ត Mercedes Benz AMG GT53 ពាក់ផ្លាកលេខ C.S.6168

ជនបង្កដែលត្រូវបានកំណត់អត្តសញ្ញាណគឺ ស៉ីវ ជ័យសិដ្ឋ អាយុ២០ឆ្នាំ ដែលជាកូនរបស់លោកស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ។ បុគ្គលនេះបានរត់គេចខ្លួនបន្ទាប់ពីបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនេះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២២:៤០នាទី លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៤៦-២៤៧ នៅត្រង់ចំណុចក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី។

រថយន្តម៉ាក Mercedes Benz AMG GT53 ពណ៌ខ្មៅ ពាក់ផ្លាកលេខកម្ពុជា C.S.6168 បានបើកបរក្នុងល្បឿនលឿនពីទិសខាងភ្នំពេញឆ្ពោះទៅបាត់ដំបង ហើយបានបុកពីក្រោយម៉ូតូចំនួន២គ្រឿងដែលកំពុងបើកបរស្របទិស។

កន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍

ជនរងគ្រោះដែលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុមាន៖
១. ប៉ុក ស៊ីណាប់ (ស្រី អាយុ៣២ឆ្នាំ) – អ្នកបើកម៉ូតូទី១
២. ម៉េន ម៉ីនាង (ស្រី អាយុ១០ឆ្នាំ)
៣. សួន ធានី (ប្រុស អាយុ៥០ឆ្នាំ) – អ្នកបើកម៉ូតូទី២
៤. វុន ស្រីជា (ស្រី អាយុ៤៣ឆ្នាំ)
៥. ចាន់ ចាវ (ប្រុស អាយុ៧ឆ្នាំ)
៦. កូនក្នុងផ្ទៃរបស់អ្នកស្រីប៉ុក ស៊ីណាប់

ចំណែកឯ ម៉េន សុខមាន (ប្រុស អាយុ៧ឆ្នាំ) បានរបួសធ្ងន់ ហើយត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី។

សមត្ថកិច្ចបានយករថយន្តជាមធ្យោបាយបង្ក និងវត្ថុតាងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីស្រាវជ្រាវតាមនីតិវិធីច្បាប់។

សមត្ថកិច្ចស៊ើបអង្កើតកន្លែងកើតហេតុ

ករណីនេះបានធ្វើឱ្យកើតឡើងនូវការចោទសួរជាច្រើនទាក់ទងនឹងយុត្តិធម៌សង្គម និងសមត្ថភាពរបស់សមត្ថកិច្ចក្នុងការចាប់ខ្លួនជនល្មើសដែលមានទំនាក់ទំនងជាមួយមន្ត្រីជាន់ខ្ពស់។ សាធារណជនបានអំពាវនាវឱ្យមានការអនុវត្តច្បាប់ដោយស្មើភាព និងយុត្តិធម៌។

សមត្ថកិច្ចនៅតែបន្តស្វែងរកជនបង្ក និងសន្យាថានឹងដោះស្រាយករណីនេះតាមនីតិវិធីច្បាប់ដោយគ្មានការលំអៀង។

administrator

Related Articles