យោធាអ៊ីស្រាអែលបានប្រកាសពីចេតនារបស់ខ្លួនក្នុងការវាយប្រហារលើរោងចក្រឧស្សាហកម្មការពារជាតិអ៊ីរ៉ង់នៅគ្រប់ផ្នែកទាំងអស់ ដែលជាផ្នែកមួយនៃការវាយលុករវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលកំពុងឈានចូលដល់ខែទីពីររបស់ពួកគេ។

យោងតាមបណ្តាញសារព័ត៌មាន Yeni Safak News ផ្សាយថ្ងៃទី២៩ខែមីនា អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Effie Defrin ចេញការគំរាមកំហែងក្នុងពេលកន្លងមកថ្មីៗនេះ ដោយអះអាងថា អ៊ីស្រាអែលបានវាយប្រហារបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពផលិតផ្នែកយោធារបស់អ៊ីរ៉ង់កាលពីចុងសប្តាហ៍។
លោក Defrin ថ្លែងថា៖ «ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ កងកម្លាំងអ៊ីស្រាអែលនឹងបញ្ចប់ការវាយប្រហារលើសមាសធាតុជាមូលដ្ឋាននិងផ្នែកសំខាន់ៗទាំងអស់នៃឧស្សាហកម្មការពារជាតិអ៊ីរ៉ង់ ដោយពួកគេនឹងបំផ្លាញសមត្ថភាពផលិតយោធាអ៊ីរ៉ង់មួយផ្នែកធំ»។

អ្នកនាំពាក្យរូបនេះ ក៏បានលើកឡើងដែរថា អ៊ីស្រាអែលបានកំណត់គោលដៅរោងចក្រធំៗពីរដែលផលិតឧបករណ៍អវកាសនៅក្នុងប្រទេសអ៊ីរ៉ង់ ក៏ដូចជារោងចក្រអ៊ុយរ៉ាញ៉ូមមួយកន្លែងផងដែរ។
ការគំរាមកំហែងទាំងនេះកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមការវាយលុកតាមអាកាសរួមគ្នាប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ។ យុទ្ធនាការនេះបានសម្លាប់មនុស្សជាង ១,៣៤០នាក់ រួមទាំងអតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាស់ អាលី ខាមេណៃ (Ayatollah Ali Khamenei) ផងដែរ។
គួរបញ្ចាក់ថា គោលបំណងរបស់អ៊ីស្រាអែលដែលបានបញ្ជាក់ហាក់ដូចជាបង្ហាញពីការធ្លាក់ចុះជាប្រព័ន្ធនៃសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការផលិតនិងរក្សាឧបករណ៍យោធា។

ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដែលកំពុងបន្ត ទីក្រុងតេហេរ៉ង់បានបើកការវាយប្រហារដោយដ្រូន និងមីស៊ីលជាច្រើនលើកច្រើនសារ សំដៅលើប្រទេសអ៊ីស្រាអែល ក៏ដូចជាប្រទេសហ្ស៊កដានី អ៊ីរ៉ាក់ និងប្រទេសក្នុងឈូងសមុទ្រដែលមានមូលដ្ឋានយោធាអាមេរិក។
ការវាយប្រហារសងសឹកនេះបានបណ្តាលឱ្យមានអ្នកស្លាប់យ៉ាងច្រើន ខូចខាតហេដ្ឋារចនាសម្ព័ន្ធ រំខានដល់ទីផ្សារសកល និងអាកាសចរណ៍ ជាពិសេសបង្កើនភាពតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់ផងដែរ។
ប្រែសម្រួល៖ ណឺ មិនា
