សភាអ៊ីស្រាអែលបានអនុម័តច្បាប់ដាក់ទោសប្រហារជីវិតទៅលើជនជាតិប៉ាឡេស្ទីនដែលត្រូវបានកាត់ទោសពីបទភេរវកម្ម ដោយទទួលបានសំឡេងគាំទ្រ ៦២ ទល់នឹង ៤៨ សំឡេង។

យោងតាម BBC ច្បាប់ថ្មីនេះតម្រូវឲ្យជនជាប់ចោទត្រូវទទួលទោសដោយការព្យួរកក្នុងរយៈពេល ៣ ទៅ ៦ ខែ បន្ទាប់ពីការកាត់ទោសបានបញ្ចប់។ រដ្ឋមន្ត្រីសន្តិសុខជាតិ Itamar Ben Gvir ដែលជាអ្នកជំរុញច្បាប់នេះ បានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំង។
ទោះជាយ៉ាងណា ច្បាប់នេះបានក្លាយជាប្រធានបទដ៏ចម្រូងចម្រាស ដោយអ្នករិះគន់យល់ថា វាហាក់ដូចជាបង្កើតឡើងដើម្បីដាក់ទោសតែជនជាតិប៉ាឡេស្ទីន ប៉ុន្តែមិនបានរាប់បញ្ចូលជនជាតិអ៊ីស្រាអែលឡើយ ប្រសិនបើពួកគេបង្កកំហុសស្រដៀងគ្នា។
បណ្តាប្រទេសនៅអឺរ៉ុប និងក្រុមសិទ្ធិមនុស្សនានាបានចេញមុខមកព្រមានថា ច្បាប់នេះគឺជាការរើសអើង និងកំពុងធ្វើឲ្យប៉ះពាល់ដល់តម្លៃនៃលទ្ធិប្រជាធិបតេយ្យ។ មេដឹកនាំបក្សប្រឆាំងនៅក្នុងប្រទេសអ៊ីស្រាអែលផ្ទាល់ក៏បានរិះគន់ដែរថា ច្បាប់នេះគ្រាន់តែជាល្បិចកលនយោបាយ។

ក្រុមហាម៉ាស និងអាជ្ញាធរប៉ាឡេស្ទីនបានថ្កោលទោសថា នេះគឺជាការធ្វើឲ្យការសម្លាប់មនុស្សក្លាយជារឿងស្របច្បាប់។ សមាគមសិទ្ធិស៊ីវិលនៅក្នុងប្រទេសអ៊ីស្រាអែលបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូល ដើម្បីតវ៉ាថាច្បាប់នេះផ្ទុយនឹងរដ្ឋធម្មនុញ្ញ។
ស្ថានភាពនេះកំពុងធ្វើឲ្យបរិយាកាសនយោបាយ និងសន្តិសុខនៅក្នុងតំបន់កាន់តែមានភាពតានតឹងខ្លាំងឡើង។
