អេស្ប៉ាញបិទទ្វារអាកាស បដិសេធមិនឲ្យត្រាំប្រើដែនអាកាសវាយអ៊ីរ៉ង់

អេស្ប៉ាញបិទទ្វារអាកាស បដិសេធមិនឲ្យត្រាំប្រើដែនអាកាសវាយអ៊ីរ៉ង់

Spain Iran Crisis

អេស្ប៉ាញបានប្រកាសជំហរម៉ឺងម៉ាត់ប្រឆាំងការចូលពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិកក្នុងសង្គ្រាមមជ្ឈិមបូព៌ា ដោយបដិសេធមិនអនុញ្ញាតឲ្យលោកដូណាល់ត្រាំប្រើដែនអាកាសរបស់ខ្លួនសម្រាប់ប្រតិបត្តិការវាយប្រហារអ៊ីរ៉ង់។

រដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញ លោកស្រី Margarita Robles បានបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃទី៣០ មីនា ២០២៦ ថា៖ «រឿងនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់ជូនដល់កងទ័ពនិងកម្លាំងសហរដ្ឋអាមេរិកតាំងពីដំបូងមកម៉្លេះ។ ទាំងមូលដ្ឋានទ័ពក៏មិនត្រូវបានអនុញ្ញាត ហើយសូម្បីតែការប្រើប្រាស់លំហអាកាសរបស់អេស្ប៉ាញក៏មិនត្រូវបានអនុញ្ញាតសម្រាប់សកម្មភាពណាមួយដែលពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ីរ៉ង់នោះដែរ។»

លោកស្រី Robles បានហៅសង្គ្រាមលើអ៊ីរ៉ង់ថាជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ និងអយុត្តិធម៌ខ្លាំងណាស់។ តាំងពីផ្ទុះសង្គ្រាមមជ្ឈិមបូព៌ាដំបូងមក អេស្ប៉ាញបានបង្ហាញដោយចំហថាខ្លួនប្រឆាំងនឹងលោកត្រាំ ដោយមិនព្រមអនុញ្ញាតឲ្យអាមេរិកប្រើមូលដ្ឋានទ័ពរបស់ខ្លួនឡើយ។

នាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez បានថ្លែងថា ប្រទេសលោកនឹងមិនរួមគំនិតក្នុងរឿងដែលអាក្រក់សម្រាប់ពិភពលោក ជុំវិញសំណើរបស់អាមេរិកប្រើមូលដ្ឋានទ័ពដើម្បីវាយប្រហារអ៊ីរ៉ង់។

រឿងនេះធ្វើឲ្យលោកត្រាំក្តៅស្លឹកត្រចៀក ឈានដល់ការគំរាមផ្តាច់រាល់ទំនាក់ទំនងពាណិជ្ជកម្មជាមួយទីក្រុងម៉ាឌ្រីដ ទាំងដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានភាពតានតឹងស្រាប់ទៅហើយ។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles