រាជធានីភ្នំពេញ៖ ធនាគារ ហត្ថា បានបើកសម្ពោធសាខាថ្មីចំនួន ៩ កន្លែងក្នុងថ្ងៃតែមួយ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដោយមានសាខាព្រះនរោត្តមដ៏សំខាន់ស្ថិតនៅកណ្តាលរាជធានីភ្នំពេញជាចំណុចផ្តេក។

ការបើកសាខាថ្មីក្នុងពេលនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ហត្ថា ក្នុងការពង្រីកសេវាកម្មហិរញ្ញវត្ថុទៅកាន់អតិថិជនកាន់តែទូលំទូលាយ និងផ្តល់សេវាដ៏ទំនើប ងាយស្រួល និងមានសុវត្ថិភាពខ្ពស់។

សាខាថ្មីទាំង ៩ កន្លែងរួមមាន៖
- សាខាព្រះនរោត្តម រាជធានីភ្នំពេញ
- សាខាទឹកល្អក់ (ផ្សារហេងលី) រាជធានីភ្នំពេញ
- សាខាម៉ៅសេងទុង រាជធានីភ្នំពេញ
- សាខាសែនសុខ រាជធានីភ្នំពេញ
- សាខាដូនពេញ រាជធានីភ្នំពេញ
- សាខាស្ទឹងមានជ័យ រាជធានីភ្នំពេញ
- សាខាក្រុងតាខ្មៅ ខេត្តកណ្តាល
- សាខាស្រុកឈូក ខេត្តកំពត
- សាខាខេត្តកោះកុង

លោក មិន សុផា ប្រធាននាយកប្រតិបត្តិធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ «ការវិនិយោគលើសាខារចនាថ្មីនៅពេលនេះបង្ហាញពីការតាំងចិត្តខ្ពស់របស់ធនាគារ ហត្ថា ក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជនរបស់យើងឱ្យកាន់តែមានភាពងាយស្រួល កាន់តែទំនើប និងមានផាសុកភាពខ្ពស់។»

លោកបន្តថា៖ «ការវិនិយោគនេះក៏បានសរបញ្ជាក់ឱ្យឃើញផងដែរថា វិស័យធនាគារ និងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា នៅតែបន្តមានភាពធន់ និងមានស្ថិរភាពយ៉ាងពេញលេញ។»

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជធំមួយដែលមានបទពិសោធន៍បម្រើសេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជាជាង ៣០ ឆ្នាំមកហើយ ហើយជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG។ ធនាគារនេះជាធនាគារធំលំដាប់ទី៤ ក្នុងប្រទេសកម្ពុជា បើគិតទៅលើចំនួនការិយាល័យប្រតិបត្តិការ។

ការពង្រីកបណ្តាញសាខាក្នុងពេលនេះបង្ហាញពីស្ថេរភាពរបស់វិស័យហិរញ្ញវត្ថុកម្ពុជា និងទំនុកចិត្តរបស់ធនាគារ ហត្ថា ក្នុងការវិនិយោគវែងឆ្ងាយនៅក្នុងប្រទេស។
