ភ្នំពេញ៖ លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញឆន្ទៈចង់បញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់និងអ៊ីស្រាអែលឲ្យបានត្រឹមថ្ងៃទី៦ខែមេសាខាងមុខនេះ។ នេះបើយោងតាមរបាយការណ៍របស់ The Wall Street Journal។

លោកត្រាំ បានកំណត់ពេលវេលា៦សប្តាហ៍ដើម្បីបញ្ចប់ជម្លោះនេះ ទោះបីជាច្រកសមុទ្រហ័រមូសដែលជាផ្លូវសេដ្ឋកិច្ចសំខាន់នៅតែបិទក៏ដោយ។ លោកបានបង្ហើបប្រាប់ថា កំពុងចរចាជាមួយក្រុមដឹកនាំថ្មីរបស់អ៊ីរ៉ង់ ដែលលោកយល់ថា “មានហេតុផលជាងមុន”។
មូលហេតុសំខាន់គឺការចំណាយដ៏ធំធេង។ ត្រឹម៦ថ្ងៃដំបូង អាមេរិកបានចំណាយរួចទៅ១១,៣ពាន់លានដុល្លារហើយ។ លោកត្រាំក៏ចង់ឲ្យប្រទេសអារ៉ាប់ចូលរួមចេញថ្លៃដើម្បីកាត់បន្ថយបន្ទុកអាមេរិក។
ភាគីអ៊ីរ៉ង់ លោកប្រធានាធិបតី Masoud Pezeshkian បានអះអាងថា កិច្ចព្រមព្រៀងសន្តិភាពត្រូវតែធានាកិត្តិយសនិងសន្តិសុខជាតិអ៊ីរ៉ង់។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ក៏បានរិះគន់ប្រទេសអឺរ៉ុបថា គិតតែពីផលប៉ះពាល់សេដ្ឋកិច្ចរបស់ខ្លួន។
