ជប៉ុនបានដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយដែលមាន «សមត្ថភាពវាយបក» និងគ្រាប់ផ្លោងល្បឿនលឿន (HVGP) ថ្មីជាលើកដំបូងនៅក្នុងប្រទេស ក្នុងពេលដែលតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងប្រឈមមុខនឹងភាពតានតឹងយោធាកើនឡើង។

យោងតាមក្រសួងការពារជាតិជប៉ុន ជំរំ Kengun ត្រូវបានបំពាក់ដោយមីស៊ីលប្រភេទ Type 12 ដែលអាចបាញ់ចេញពីដីគោក ហោះបានចម្ងាយប្រហែល ១ពាន់គីឡូម៉ែត្រ និងទៅដល់ផ្នែកខ្លះនៃឆ្នេរសមុទ្រដីគោកពីតំបន់ Kyushu។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Shinjiro Koizumi បានបញ្ជាក់ថា៖ «នេះគឺជាគំនិតផ្តួចផ្តើមដ៏សំខាន់បំផុតសម្រាប់ការពង្រឹងសមត្ថភាពទប់ស្កាត់ និងឆ្លើយតបរបស់ជប៉ុន ខណៈដែលប្រទេសជាតិកំពុងប្រឈមមុខនឹងបរិយាកាសសន្តិសុខដ៏ធ្ងន់ធ្ងរ និងស្មុគស្មាញបំផុតចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទី ២»។

ការដាក់ពង្រាយនេះកើតឡើងនៅពេលដែលយោធាចិនបង្កើនការហ្វឹកហ្វឺននៅជុំវិញកោះឆ្ងាយៗក្នុងប្រទេសជប៉ុនដែលនៅជិតតៃវ៉ាន់ ហើយបន្តធ្វើសមយុទ្ធកាន់តែឆ្ងាយពីព្រំដែនចិន។ ចិនត្រូវបានគេប៉ាន់ប្រមាណថា មានមីស៊ីលបាញ់ចេញពីដីជិត២ពាន់គ្រាប់ ច្រើនជាងទាំងជប៉ុន និងអាមេរិកមាននៅក្នុងតំបន់។
ការសម្រេចចិត្តដាក់ពង្រាយមីស៊ីលក៏កើតឡើងផងដែរ ខណៈដែលកូរ៉េខាងជើងបន្តកែលម្អកម្មវិធីមីស៊ីលដ៏ទំនើប និងកំពុងបង្កើនកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។
អត្ថបទ៖ សាង ស្រីល័ក្ខ
