ឃាត់ខ្លួនជនជាតិវៀតណាម ១៧នាក់ ក្នុងប្រតិបត្តិការបង្ក្រាប Online Scam នៅទួលទំពូង

ឃាត់ខ្លួនជនជាតិវៀតណាម ១៧នាក់ ក្នុងប្រតិបត្តិការបង្ក្រាប Online Scam នៅទួលទំពូង

ភ្នំពេញ៖ កម្លាំងជំនាញនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើប្រតិបត្តិការបង្ក្រាបយ៉ាងរហ័ស ដោយឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១៧នាក់ ក្នុងអគារ MSK ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ដោយសង្ស័យថាពួកគេកំពុងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។

ប្រតិបត្តិការបង្ក្រាប Online Scam

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ក្រុមការងារបានរកឃើញសកម្មភាពមិនប្រក្រតីនៅជាន់ទី៧ និងជាន់ទី១០ ដោយឃាត់ខ្លួនមនុស្សសរុប ១៧នាក់ (ស្រី ២នាក់) ដែលក្នុងនោះ ៧នាក់គ្មានលិខិតឆ្លងដែនជាប់ខ្លួន។

វត្ថុតាងពីប្រតិបត្តិការ

សមត្ថកិច្ចបានរកឃើញវត្ថុតាងច្រើនប្រភេទ រួមមាន៖ ម៉ូនីទ័រ ៣០គ្រឿង, ទូរសព្ទដៃ ៧៣គ្រឿង, កុំព្យូទ័រ All In One ០៦គ្រឿង និង CPU ២៧គ្រឿង។

តាមការស៊ើបអង្កេត ក្រុមនេះប្រើប្រាស់វិធីលោងលោមស្នេហា ដោយលួចថតវីដេអូអាសអាភាស ហើយផ្ញើទៅគ្រួសារ ឬកន្លែងការងាររបស់ជនរងគ្រោះ ដើម្បីជំរិតទារប្រាក់។

បច្ចុប្បន្ន ជនសង្ស័យទាំង ១៧នាក់ និងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿង។

តាមរបាយការណ៍ពីគណៈកម្មការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាំងពីឆ្នាំ២០២៥ រហូតមក សមត្ថកិច្ចបានបិទខ្ទប់ទីតាំងសរុប ២៣៦កន្លែង ក្នុងនោះមានកាស៊ីណូ ៩១កន្លែង និងបុរីវីឡាចំនួន ១៤៥កន្លែង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦។

administrator

Related Articles