សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាស្រាវជ្រាវយ៉ាងតឹងរឹង រកអ្នកបើកបរបុកមនុស្សស្លាប់៦នាក់នៅបាត់ដំបង

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាស្រាវជ្រាវយ៉ាងតឹងរឹង រកអ្នកបើកបរបុកមនុស្សស្លាប់៦នាក់នៅបាត់ដំបង

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងនាយឧត្តមសេនីយ៍ ស ថេត ធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់ ដើម្បីរកឃើញអ្នកបើកបររថយន្តដែលបុកមនុស្សស្លាប់ទាំង៦នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។

គ្រោះថ្នាក់ចរាចរណ៍នៅបាត់ដំបង

សម្តេចបវរធិបតី បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី៣១ មីនា ២០២៦ ដោយសរសេរថា៖ “ខ្ញុំបានឃើញមានការបញ្ចេញមតិជាច្រើនពាក់ព័ន្ធជាមួយគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលកើតឡើងនៅយប់ថ្ងៃទី២៧ មីនា នៅស្រុកមោងឬស្សី ដែលមនុស្ស៦នាក់ត្រូវបានស្លាប់ រួមទាំងទារកក្នុងផ្ទៃមាតា ដែលបង្កឡើងដោយរថយន្តមួយគ្រឿងបុកហើយរត់គេចខ្លួន។”

សម្តេចបានសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះជនរងគ្រោះ និងបានចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសព។ សម្តេចបានចេញបទបញ្ជាឱ្យឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកប្រព្រឹត្ត ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់។

សម្តេចក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបើកបរដោយប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងមកដល់។ សម្តេចបានរំលឹកឡើងវិញថា ការបើកបរដោយមិនគោរពច្បាប់ ជាពិសេសការបើកបរក្រោមឥទ្ធិពលស្រា នឹងត្រូវទទួលទោសយ៉ាងតឹងរឹងបំផុត។

គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធត្រូវយកចិត្តទុកដាក់អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

administrator

Related Articles