ភ្នំពេញ – អ៊ីរ៉ង់បានអះអាងថា បានបាញ់ទម្លាក់យន្តហោះដ្រូនវាយប្រហាររបស់សហរដ្ឋអាមេរិក ប្រភេទ MQ-9 Reaper ដែលមានតម្លៃជាង ៣០លានដុល្លារ នៅក្នុងទឹកដីរបស់ខ្លួន។

សារព័ត៌មានរុស្ស៊ី Tass បានដកស្រង់ប្រភពពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ដែលអះអាងថា ដ្រូននេះត្រូវបានខ្លីការពារអាកាសអ៊ីរ៉ង់បាញ់ធ្លាក់នៅទីក្រុង Isfahan កាលពីថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២៦។
ទោះបីជាយ៉ាងណាក៏ដោយ ការអះអាងនេះមិនទាន់មានការបញ្ជាក់ឬប្រតិកម្មណាមួយពីសំណាក់សហរដ្ឋអាមេរិកនៅឡើយទេ។
MQ-9 Reaper ដែលត្រូវបានគេស្គាល់ផងដែរថាជា “ឃាតករសម្ងាត់” គឺជាយន្តហោះដ្រូនវាយប្រហារដ៏មានឥទ្ធិពលបំផុតរបស់អាមេរិក និងជាអាវុធសម្ងាត់ដែលអាមេរិកពេញចិត្តប្រើប្រាស់។

យន្តហោះដ្រូននេះមានសមត្ថភាពហោះហើរបានរហូតដល់ ២៧ម៉ោងដោយមិនចាំបាច់ចុះចត ហោះបានកម្ពស់ ១៥,០០០ម៉ែត្រ និងអាចផ្ទុកអាវុធបានដល់ទៅ ១,៧០០គីឡូក្រាម។ វាត្រូវបានប្រើក្នុងការសម្លាប់លោក Qasem Soleimani កាលពីឆ្នាំ២០២០។
ការអះអាងនេះកើតឡើងបន្ទាប់ពីមានរូបភាពលេចធ្លាយបង្ហាញពីយន្តហោះ E-3 Sentry របស់អាមេរិកតម្លៃជាង ៥០០លានដុល្លារ ដែលហាក់ដូចជាត្រូវបានបំផ្លាញនៅមូលដ្ឋានទ័ពអាកាស Prince Sultan ក្នុងអារ៉ាប៊ីសាអូឌីត។
អ្នកជំនាញយោធាបានអះអាងថា ការខូចខាតដែលបង្ហាញក្នុងរូបភាពគឺធ្ងន់ធ្ងររហូតមិនអាចជួសជុលបានទេ។
អត្ថបទ៖ សុខ សុវណ្ណ
