ខេត្តស្ទឹងត្រែង៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានបង្ហាញពីគោលការណ៍សំខាន់ៗដែលលោកប្រកាន់ខ្ជាប់ក្នុងការបម្រើប្រជាជន ដោយលើកឡើងថា ភាពស្មោះត្រង់គឺជា ‘ដើមទុន’ ចម្បងក្នុងការងារសាធារណៈ។

លោកបានបញ្ជាក់ថា តាំងពីដើមដំបូងរហូតមកដល់បច្ចុប្បន្ន លោកប្រកាន់យកគោលការណ៍ចំនួន ៥ ក្នុងការងាររបស់ខ្លួន ដែលរួមមាន៖ គុណធម៌ សមត្ថភាព សុជីវធម៌ ភាពស្មោះត្រង់ និងការទទួលខុសត្រូវ។ ភាពស្មោះត្រង់ត្រូវបានលោកចាត់ទុកជាកត្តាសំខាន់បំផុត។
“ភាពស្មោះត្រង់មិនមែនគ្រាន់តែនិយាយដោយមាត់ថាខ្លួនស្មោះត្រង់នោះទេ ប៉ុន្តែត្រូវស្ដែងចេញតាមរយៈទង្វើ និងឥរិយាបថជាក់ស្ដែង” លោកបានសង្កត់ធ្ងន់។
ក្នុងការវាយតម្លៃមន្ត្រីក្រោមបង្គាប់ លោកមិនផ្អែកលើការស្ដាប់សម្ដីអ្នកដទៃនិយាយប្រាប់នោះទេ ប៉ុន្តែផ្អែកលើទង្វើជាក់ស្ដែងដែលមើលឃើញនឹងភ្នែកផ្ទាល់។
លោកមានទស្សនៈថា បើមិនអាចក្លាយជាសសរទ្រូងរបស់ប្រទេសជាតិនោះទេ យ៉ាងហោចណាស់ត្រូវក្លាយជា ‘ក្បឿងមួយសន្លឹក’ ដើម្បីរួមចំណែកក្នុងការប្រក់ដំបូលមាតុភូមិ។
សម្រាប់យុវជន លោកមានសារសំខាន់ថា៖ “កុំសួរថា ‘តើធ្វើការសង្គមខ្ញុំបានអ្វីនោះទេ’ ប៉ុន្តែគួរតែសួរថា ‘តើខ្លួនបានធ្វើអ្វីខ្លះសម្រាប់សង្គម?'”។
លោកបន្ថែមថា ប្រទេសជាតិបានផ្ដល់នូវសន្តិភាព សេចក្ដីសុខ និងសុភមង្គលរួចជាស្រេចទៅហើយ ដូច្នេះយុវជនគួរដឹងគុណ និងរួមចំណែកកសាងប្រទេសជាតិ។
ពលរដ្ឋគ្រប់រូបគឺជាម្ចាស់ដែលមាន ‘ភាគហ៊ុន’ នៅក្នុងប្រទេសជាតិ ដូច្នេះរាល់អ្វីដែលកើតឡើងចំពោះប្រទេសជាតិ គឺជាចំណែកទទួលខុសត្រូវរបស់ពលរដ្ឋគ្រប់រូប។
