រាជធានីភ្នំពេញ៖ កម្ពុជា និងវៀតណាម បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខពាណិជ្ជកម្ម និងវិនិយោគ ដើម្បីសំដៅដល់ផលប្រយោជន៍នៃប្រជាជនទាំងពីរ។

ការប្តេជ្ញានេះ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូនឯកឧត្តម ង្វៀន មាញ់គឿង អនុរដ្ឋមន្ត្រីការបរទេសវៀតណាម ចូលជួបសម្តែងការគួរសម។

នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ង្វៀន មាញ់គឿង ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានសម្តែងការពេញចិត្តចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏សកម្មរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅចំពោះរដ្ឋាភិបាលវៀតណាមអំពីជោគជ័យនៃការរៀបចំការបោះឆ្នោតសកល កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់អំពីសារសំខាន់នៃការរក្សាបាននូវការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងគ្នាគ្រប់ជាន់ថ្នាក់ ដើម្បីបន្តពង្រឹងចំណងមិត្តភាពរឹងមាំ ដូចដែលបានសបញ្ជាក់តាមរយៈទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឺម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៅកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៦។

ដោយកម្ពុជា និងវៀតណាមនឹងប្រារព្ធខួបលើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយនេះ ឯកឧត្តម ង្វៀន មាញ់គឿង បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា ដើម្បីរួមគ្នារៀបចំសកម្មភាពប្រកបដោយអត្ថន័យឱ្យបានច្រើនសម្រាប់អបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់នេះ។

ជាមួយនឹងការកត់សម្គាល់ពីសន្ទុះវិជ្ជមាននៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើវិស័យសំខាន់ៗមួយចំនួន រួមមាន ការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងការអភិវឌ្ឍធនធានមនុស្ស ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការនេះ សំដៅនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។
ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើបច្ចុប្បន្នភាពអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃផងដែរ។
អត្ថបទសរសេរដោយ អ៊ាង ប៊ុនរិទ្ធ
កែសម្រួលដោយ ស្រីណា
