ខេត្តកណ្តាល – ស្ត្រីម្នាក់ដែលអត់លុយទិញថ្នាំញៀនប្រើប្រាស់ បានលួចម៉ូតូសណ្តោងរ៉ឺម៉កអ្នកភូមិទាំងថ្ងៃ តែត្រូវជាប់ក្នុងកាមេរ៉ាសុវត្ថិភាព និងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ហេតុការណ៍លួចម៉ូតូនេះកើតឡើងនៅវេលាម៉ោង ១៣:៣០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅមុខផ្ទះជនរងគ្រោះ ក្នុងភូមិព្រែកតាពៅ(១) សង្កាត់ដើមមៀន ក្រុងតាខ្មៅ។
ជនរងគ្រោះឈ្មោះ លី ហ្វាអ៉ីសាស អាយុ៣៨ឆ្នាំ ជាអ្នកលក់ដូរ ដែលបាត់បង់ម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង ដែលជាឧបករណ៍ដឹកសាច់គោដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។

ជនសង្ស័យឈ្មោះ សៃនី សាទី អាយុ២៩ឆ្នាំ ដែលមានវិជ្ជមាននូវសារធាតុញៀន និងរស់នៅក្នុងភូមិជាមួយជនរងគ្រោះ។ ក្រោយពីជនរងគ្រោះទុកម៉ូតូនៅមុខផ្ទះ ជនសង្ស័យបានមកលួចយកទៅបាត់។
ជនរងគ្រោះបានឆែកកាមេរ៉ាសុវត្ថិភាព ស្គាល់ជនសង្ស័យ ហើយទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដើមមៀន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានលួចម៉ូតូនេះ ហើយយកទៅដាក់បញ្ចាំនៅសង្កាត់ចោមចៅ ទទួលបានប្រាក់៣០០ដុល្លា។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសួរនាំនិងកសាងសំណុំរឿងតាមនីតិវិធី។


