ប្រទេសបារាំងបានអំពាវនាវឲ្យមានការកោះប្រជុំបន្ទាន់នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បន្ទាប់ពីកងរក្សាសន្តិភាព UN ស្លាប់នៅលីបង់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល។

បង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទទី៣០ខែមីនាឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសបារាំង Jean-Noel Barrot បានថ្កោលទោសអ៊ីស្រាអែល ដោយអះអាងថា៖ «បារាំងសូមថ្កោលទោសក្នុងកម្រិតខ្លាំងក្លាបំផុត ចំពោះការបាញ់ប្រហារកាលពីថ្ងៃទី២៩ខែមីនា ដែលបណ្តាលឲ្យកងរក្សាសន្តិភាព UNIFIL ជនជាតិឥណ្ឌូណេស៊ីម្នាក់បាត់បង់ជីវិតនិងសមាជិកកងកម្លាំង៣នាក់ផ្សេងទៀតរងរបួស ព្រមទាំងការផ្ទុះកាលពីថ្ងៃទី៣០ខែមីនា ដែលបណ្តាលឲ្យកងរក្សាសន្តិភាពឥណ្ឌូណេស៊ី២នាក់ទៀតបាត់បង់ជីវិត និងសមាជិកកងកម្លាំង២នាក់ទៀតរងរបួស»។
លោកលើកឡើងថា ការវាយប្រហារបែបនេះរបស់កងទ័ពអ៊ីស្រាអែលនៅក្បែរទីតាំងកងរក្សាសន្តិភាព គឺជាទង្វើដែលមិនអាចទទួលយកបាន និងមិនអាចដោះសារបានឡើយ។
ទន្ទឹមនោះ លោកស្រី Jeanine Hennis-Plasschaert បេសកជនពិសេស UN ប្រចាំនៅលីបង់ ក៏ថ្កោលទោសការសម្លាប់នេះដែរ ដោយអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់។
យ៉ាងណា ជុំវិញករណីនេះ អ៊ីស្រាអែល ចេញមុខបញ្ជាក់ថា ខ្លួនកំពុងពិនិត្យនិងបើកការស៊ើបអង្កេត ដើម្បីរកការពិតឲ្យឃើញ។
កងកម្លាំង IDF បានចេញសេចក្តីថ្លែងការណ៍លើ Telegram នៅថ្ងៃអង្គារទី៣១ខែមីនាថា ហេតុការណ៍ទាំងនេះកំពុងត្រូវបានពិនិត្យយ៉ាងហ្មត់ចត់ ដើម្បីបំភ្លឺនិងកំណត់ថា តើវាជាលទ្ធផលដែលកើតចេញពីសកម្មភាពរបស់ក្រុម ហេសបូឡា ឬក៏ពីសកម្មភាពរបស់ IDF។ ហេតុការណ៍ទាំងនេះកើតឡើងនៅក្នុងតំបន់ប្រយុទ្ធគ្នាយ៉ាងសកម្ម។ ហេតុដូច្នេះហើយ មិនគួរមានការសន្និដ្ឋានថា ហេតុការណ៍ដែលនាំឲ្យកងរក្សាសន្តិភាព UNIFIL រងគ្រោះថ្នាក់ គឺបង្កឡើងដោយ IDF នោះឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
