ភ្នំពេញ៖ សមត្ថកិច្ចបង្ក្រាបបទល្មើសបានធ្វើប្រតិបត្តិការចាប់ខ្លួនជនជាតិវៀតណាមចំនួន ១៧នាក់ ក្នុងនោះមានស្រី២នាក់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើស Online Scams កាលពីម្សិលមិញ នៅអគារ MSK ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។

ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយកម្លាំងសមត្ថកិច្ចចម្រុះ ក្រោមការសម្របសម្រួលនីតិវិធីពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ការឆែកឆេរបានធ្វើឡើងនៅជាន់ទី៧ និងជាន់ទី១០ នៃអគារខាងលើ។

សម្ភារៈដែលត្រូវបានដកហូតរួមមាន៖ ម៉ូនីទ័រចំនួន ៣០គ្រឿង, ទូរស័ព្ទដៃចំនួន ៧៣គ្រឿង, កុំព្យូទ័រ All In One ចំនួន ៦គ្រឿង និង CPU ចំនួន ២៧គ្រឿង។ ជនសង្ស័យទាំងអស់ពុំមានឯកសារលិខិតឆ្លងដែនត្រឹមត្រូវ។
បច្ចុប្បន្ន ជនសង្ស័យទាំង ១៧នាក់ រួមជាមួយវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។
