សង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងបង្ហាញយ៉ាងច្បាស់នូវភាពបែកបាក់រវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដោយមានប្រទេសខ្លះគាំទ្រលោក ដូណាល់ ត្រាំ ក្នុងការវាយប្រហារអ៊ីរ៉ង់ ខណៈអេស្ប៉ាញជាដើមជំទាស់យ៉ាងខ្លាំង។

អឺរ៉ុបបានព្រមានជាប្រចាំថា ប្រសិនបើរុស្ស៊ីទទួលជោគជ័យនៅអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ពូទីន នឹងបន្តផែនការវាយលុកប្រទេសអឺរ៉ុបផ្សេងទៀត ដែលធ្វើឲ្យសម្ព័ន្ធមិត្តអឺរ៉ុបព្រួយបារម្ភ។
បញ្ហាធ្ងន់ធ្ងរបន្ថែមគឺ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនសប្បាយចិត្តជាមួយសហភាពអឺរ៉ុប ដោយស្តីបន្ទោសថា អឺរ៉ុបមិនខំបង្កើនការចំណាយយោធា តែពឹងផ្អែកលើអាមេរិកទាំងស្រុង។

ឥឡូវនេះ អាមេរិកកំពុងជាប់ដៃក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ដែលធ្វើឲ្យមានសំណួរថា តើអឺរ៉ុបអាចប្រយុទ្ធតតាំងជាមួយរុស្ស៊ីបានទេ បើគ្មានអាមេរិក?
លោក Gordon Davis អតីតជំនួយការរងអគ្គលេខាធិការណាតូ បានព្រមានថា៖ «ប្រសិនបើលោក ត្រាំ ដកខ្លួនចេញពីអឺរ៉ុប ទ្វីបនេះនឹងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរក្នុងការទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ី»។
ទោះយ៉ាងណា អ្នកវិភាគអន្តរជាតិបានលើកឡើងថា ទោះគ្មានអាមេរិក អឺរ៉ុបនៅតែជាមហាអំណាចយោធាដ៏ធំមួយ។ បារាំង និងអង់គ្លេស មានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ដែលជាកត្តាទប់ស្កាត់សំខាន់។
អាល្លឺម៉ង់ បារាំង និងស៊ុយអែត មានបច្ចេកវិទ្យាផលិតរថក្រោះ យន្តហោះចម្បាំង និងនាវាមុជទឹក ដែលទំនើបស្មើឬលើសរុស្ស៊ី។ GDP របស់អឺរ៉ុបរួមអង់គ្លេស ធំជាងរុស្ស៊ីជិត ១០ ដង។
បញ្ហាប្រឈមសំខាន់គឺ កង្វះគ្រាប់រំសេវ និងភស្តុភារ។ អឺរ៉ុបពឹងផ្អែកលើអាមេរិកសម្រាប់ការដឹកជញ្ជូនទ័ព ប្រេងយន្តហោះ និងគ្រាប់កាំភ្លើងធំ។ លើសពីនេះ អាមេរិកផ្តល់ព័ត៌មានសម្ងាត់ ៩០% អំពីចលនាទ័ពរុស្ស៊ី។
សរុបមក ទោះគ្មានអាមេរិក អឺរ៉ុបអាចតតាំងជាមួយរុស្ស៊ីបាន ប៉ុន្តែត្រូវបង្កើនការផលិតសព្វាវុធ និងពង្រឹងវិស័យយោធាឲ្យខ្លាំងជាងមុន។
