
ភ្នំពេញ – អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រកាសនៅថ្ងៃអង្គារទី៣១ មីនា ថា កប៉ាល់ដឹកទំនិញចិនចំនួន៣គ្រឿងបានឆ្លងកាត់ច្រកសមុទ្រហ័រមូហ្សដោយសុវត្ថិភាព បន្ទាប់ពីមានការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ។
ការប្រកាសនេះធ្វើឡើងក្រោយពីមានព័ត៌មានថា អ៊ីរ៉ង់បានអនុញ្ញាតឱ្យកប៉ាល់របស់ប្រទេសមួយចំនួនឆ្លងកាត់ច្រកសមុទ្រដែលត្រូវបានបិទក្រោយជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ផ្ទុះឡើងកាលពីចុងខែមុន។

លោកស្រី Mao បានថ្លែងថា៖ «ច្រកសមុទ្រហ័រមូហ្ស និងដែនទឹកជុំវិញ គឺជាផ្លូវទឹកសំខាន់មួយសម្រាប់ពាណិជ្ជកម្មសកល និងការផ្គត់ផ្គង់ថាមពល។ ចិនអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ បញ្ចប់ការប្រយុទ្ធគ្នា និងស្តារឡើងវិញនូវសន្តិភាពក្នុងតំបន់ឈូងសមុទ្រពែរ្ស»។
ទិន្នន័យតាមដាននាវាបង្ហាញថា កប៉ាល់កុងតឺន័រចិន២គ្រឿងបានឆ្លងកាត់ច្រកសមុទ្រកាលពីថ្ងៃចន្ទ ដោយធ្វើដំណើរជិតគ្នា។ អ្នកវិភាគទិន្នន័យនៅក្រុមហ៊ុន Kpler បានឱ្យដឹងថា កប៉ាល់ទាំង២នេះជាកប៉ាល់កុងតឺន័រដំបូងគេដែលចាកចេញពីឈូងសមុទ្រពែរ្សចាប់តាំងពីជម្លោះផ្ទុះឡើង។

ក្រុមហ៊ុន COSCO ដែលជាក្រុមហ៊ុនដំណើរការកប៉ាល់ទាំងនោះ បានបន្តការកក់សម្រាប់ការដឹកជញ្ជូនទំនិញទូទៅពីអាស៊ីទៅកាន់ប្រទេសឈូងសមុទ្រពែរ្ស រួមមាន អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត បារ៉ែន កាតា គុយវ៉ែត និងអ៊ីរ៉ាក់។
គួរកត់សម្គាល់ថា អ៊ីរ៉ង់បានវាយប្រហារកប៉ាល់ដឹកទំនិញ និងប្រេងនៅក្នុងតំបន់នេះ ដែលធ្វើឱ្យកប៉ាល់រាប់រយគ្រឿង និងនាវិកប្រហែល២០,០០០នាក់ត្រូវជាប់គាំង។ ការនាំចេញថាមពលភាគច្រើនបានផ្អាក ធ្វើឱ្យតម្លៃប្រេងអន្តរជាតិហក់ឡើង។
