
ឥណ្ឌូណេស៊ីបានចេញសេចក្តីថ្លែងការណ៍ដាក់ទោសយ៉ាងខ្លាំង បន្ទាប់ពីកងកម្លាំងសន្តិភាពរបស់ខ្លួនចំនួន៣នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសលីបង់ ដោយការវាយប្រហាររបស់អ៊ីស្រាអែល។
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានជំរុញឲ្យគ្រប់ភាគីជម្លោះនៅតំបន់មជ្ឈិមបូព៌ា «គោរពច្បាប់មនុស្សធម៌អន្តរជាតិ» និងអំពាវនាវឲ្យមានកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លោក Rico Ricardo Sirait អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌូណេស៊ីបានបញ្ជាក់ថា៖ «សុវត្ថិភាពរបស់កងទ័ពរក្សាសន្តិភាពត្រូវតែជាអាទិភាពចម្បង។ គ្រប់ភាគីជម្លោះទាំងអស់ត្រូវបានជំរុញឲ្យគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងធានាសុវត្ថិភាពរបស់បុគ្គលិករក្សាសន្តិភាព»។
កងកម្លាំងបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសលីបង់ (UNIFIL) បានរបាយការណ៍ថា បុគ្គលិកពីរនាក់ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទទី៣០មីនា និងម្នាក់ទៀតបានស្លាប់នៅយប់ថ្ងៃអាទិត្យ បន្ទាប់ពីគ្រាប់ផ្លោងវាយប្រហារទីតាំងរបស់ពួកគេ។

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក Sugiono បានថ្កោលទោសការវាយប្រហារដ៏«សាហាវយង់ឃ្នង»នេះ ហើយបានពិភាក្សាជាមួយប្រធានអង្គការសហប្រជាជាតិ លោក Antonio Guterres ដើម្បីស្នើសុំការស៊ើបអង្កេតយ៉ាងរហ័ស និងមានតម្លាភាព។
លោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការសន្តិភាព ក៏បានថ្កោលទោសឧប្បត្តិហេតុនេះដែរ ដោយលើកឡើងថា សកម្មភាពទាំងអស់ដែលធ្វើឲ្យប៉ះពាល់ដល់កងកម្លាំងរក្សាសន្តិភាពត្រូវតែបញ្ឈប់ភ្លាម។
