អ្នកការទូតកំពូលចិនប្រចាំនៅហុងកុង បានជួបជាមួយអគ្គកុងស៊ុលអាមេរិក ដើម្បីតវ៉ាយ៉ាងខ្លាំងទាក់ទងនឹងការជូនដំណឹងសាធារណៈរបស់វ៉ាស៊ីនតោន អំពីច្បាប់សន្តិសុខថ្មីនៅលើទឹកដីហុងកុង។

ការិយាល័យហុងកុងរបស់ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍ថា លោក Cui Jianchun បានជួបជាមួយអគ្គកុងស៊ុលសហរដ្ឋអាមេរិកលោកស្រី Julie Eadeh កាលពីថ្ងៃទី២៧មីនា ហើយបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់។
ភាគីចិនបានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន ឈប់ជ្រៀតជ្រែកក្នុងកិច្ចការរបស់ហុងកុង រួមទាំងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ទោះ «ក្នុងទម្រង់ណាមួយ» ក៏ដោយ។

កិច្ចជួបនេះកើតឡើងស្របពេលដែលហុងកុងបានធ្វើវិសោធនកម្មច្បាប់អនុវត្តសន្តិសុខជាតិ ដែលធ្វើឲ្យការបដិសេធមិនផ្តល់ពាក្យសម្ងាត់ ឬជំនួយការបកស្រាយកូដ ក្លាយជាបទល្មើស។
អគ្គកុងស៊ុលសហរដ្ឋអាមេរិកប្រចាំនៅហុងកុង បានចេញការជូនដំណឹងសន្តិសុខមួយ ដោយអំពាវនាវឲ្យពលរដ្ឋអាមេរិកទាក់ទងស្ថានកុងស៊ុល ប្រសិនបើត្រូវបានចាប់ខ្លួនទាក់ទងនឹងច្បាប់ថ្មីនេះ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យស្ថានកុងស៊ុលអាមេរិកបានបដិសេធពិភាក្សាអំពីព័ត៌មានលម្អិតនៃការភ្ជាប់ទំនាក់ទំនងការទូតនេះ។
អត្ថបទ៖ សាង ស្រីល័ក្ខ
