រថយន្តអគ្គិសនីកំពុងផ្លាស់ប្តូរទីផ្សារដឹកជញ្ជូនកម្ពុជា ជួយកាត់បន្ថយថ្លៃប្រេងឥន្ធនៈ

រថយន្តអគ្គិសនីកំពុងផ្លាស់ប្តូរទីផ្សារដឹកជញ្ជូនកម្ពុជា ជួយកាត់បន្ថយថ្លៃប្រេងឥន្ធនៈ

ភ្នំពេញ៖ ក្នុងពេលតម្លៃប្រេងឥន្ធនៈសកលកំពុងកើនឡើងខ្ពស់ ការប្រើប្រាស់រថយន្តអគ្គិសនីកំពុងក្លាយជាដំណោះស្រាយសំខាន់ក្នុងការកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ និងទប់ស្កាត់អថិផរណាលើទីផ្សារ។ និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដល់ជាង ១៤,០០០គ្រឿង គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦។

រថយន្តអគ្គិសនីកម្ពុជា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ ដែលជាក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេនៅកម្ពុជា បានបង្ហាញថា ក្រុមហ៊ុនរបស់លោកជាអ្នកដឹកនាំក្នុងការប្រើប្រាស់រថយន្តអគ្គិសនីសម្រាប់សេវាដឹកជញ្ជូនទាំងអ្នកដំណើរ និងទំនិញ។ សព្វថ្ងៃ ក្រុមហ៊ុនមានរថយន្តអគ្គិសនីជាង ២០០គ្រឿងកំពុងដំណើរការ ក្នុងនោះមានរថយន្តដឹកអ្នកដំណើរជាង ៥០គ្រឿង។

ស្ថានីយសាកថ្មអគ្គិសនី

“ក្នុងអំឡុងពេលតម្លៃប្រេងឥន្ធនៈអន្តរជាតិកើនឡើង ការប្រើប្រាស់រថយន្តអគ្គិសនីបានជួយទប់ស្កាត់អថិផរណាប្រេង និងជួយក្រុមហ៊ុនមិនចាំបាច់បង្កើនថ្លៃសេវាខ្លាំងពេក” អ្នកឧកញ៉ា សួរ វីរៈ បានអះអាង។ តម្លៃបញ្ញើទំនិញបានកើនត្រឹមតែ ៥០០ រៀលក្នុងមួយកញ្ចប់ ខណៈតម្លៃដឹកអ្នកដំណើរឡើងត្រឹម ៦,០០០ ដល់ ៨,០០០ រៀលក្នុងមួយសំបុត្រ។

រថយន្តអគ្គិសនីដឹកជញ្ជូន

អ្នកឧកញ៉ាបានកោតសរសើរដល់រាជរដ្ឋាភិបាលដែលបានជួយជ្រោមជ្រែងវិស័យឯកជនតាមរយៈការបញ្ចុះពន្ធគយនាំចូលរថយន្តអគ្គិសនី និងការសម្របសម្រួលការវិនិយោគស្ថានីយសាកថ្ម។ ក្រុមហ៊ុនបានបង្កើតស្ថានីយសាករថយន្តអគ្គិសនីស្ទើរតែគ្របដណ្តប់ទាំង ២៥ រាជធានី-ខេត្ត ហើយក្នុងខែមីនានេះ បានបញ្ជាទិញរថយន្តអគ្គិសនីបន្ថែមប្រមាណ ៣០០ គ្រឿងទៀត។

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១៤,៥៣៤គ្រឿង ក្នុងនោះមានទោចក្រយានយន្ត ៣,៤៤៩ គ្រឿង, ត្រីចក្រយានយន្ត ៧២២គ្រឿង និងរថយន្ត ១០,៣៦៣គ្រឿង។ ក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ការប្រើប្រាស់យានយន្តអគ្គិសនីនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ច និងសន្តិសុខថាមពល។

administrator

Related Articles