ភ្នំពេញ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ទំនងស្នើសុំឲ្យប្រទេសនៅឈូងសមុទ្រចូលរួមចេញថ្លៃចំណាយសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ។

សេចក្តីរាយការណ៍ពីសារព័ត៌មាន Financial Times និង Al Jazeera បង្ហាញថា លោកត្រាំចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការអំពាវនាវឱ្យប្រទេសឈូងសមុទ្រចេញថ្លៃចំណាយសង្គ្រាមនេះ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានចោទសំណួរថា៖ «តើរដ្ឋអារ៉ាប់គួរចំណាយសម្រាប់សង្គ្រាមដែរឬទេ ដូចពេលដែលសម្ព័ន្ធមិត្តអាមេរិកបានជួយផ្តល់មូលនិធិអំឡុងសង្គ្រាមឈូងសមុទ្រឆ្នាំ១៩៩០?»

លោកស្រី Leavitt បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំនឹងមិននិយាយមុនគាត់លើរឿងនេះទេ ប៉ុន្តែវាពិតជាគំនិតមួយដែលខ្ញុំដឹងថាគាត់មានរួចហើយ»។
គួរបញ្ជាក់ថា កាលពីឆ្នាំ១៩៩០ សហរដ្ឋអាមេរិកបានដឹកនាំសម្ព័ន្ធភាពសកលដើម្បីទប់ស្កាត់ការឈ្លានពានរបស់អ៊ីរ៉ាក់លើគុយវ៉ែត។ ជាថ្នូរនឹងការជួយនេះ ប្រទេសនានាបានរៃអង្គាសប្រាក់ចំនួន៥៤ប៊ីលានដុល្លារ (ស្មើនឹង១៣៤ប៊ីលានដុល្លារនាពេលបច្ចុប្បន្ន)។

ទោះបីជាយ៉ាងណា សង្គ្រាមបច្ចុប្បន្ននេះខុសពីសង្គ្រាមឈូងសមុទ្រពីមុន ដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានចាប់ផ្តើមធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ដោយឯកតោភាគី ដោយមិនពាក់ព័ន្ធនឹងសម្ព័ន្ធមិត្តនិងប្រទេសក្នុងតំបន់ឈូងសមុទ្រ។
ចាប់តាំងពីការបើកការវាយប្រហារនៅថ្ងៃទី២៨ កុម្ភៈ អ៊ីរ៉ង់ក៏បានសងសឹកប្រឆាំងនឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ដោយវាយបកមីស៊ីលនិងដ្រូនចូលមូលដ្ឋានទ័ពនៅទូទាំងមជ្ឈិមបូព៌ា។
