ធនាគារជាតិដោះស្រាយបញ្ហាទូទាត់ទេសចរ៖ បើកគណនីរៀលស្វ័យប្រវត្តិ ផ្គុំ QR Code រៀល-ដុល្លារតែមួយ

ធនាគារជាតិដោះស្រាយបញ្ហាទូទាត់ទេសចរ៖ បើកគណនីរៀលស្វ័យប្រវត្តិ ផ្គុំ QR Code រៀល-ដុល្លារតែមួយ

ភ្នំពេញ៖ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិកម្ពុជា បានបង្ហាញពីដំណោះស្រាយថ្មីចំពោះបញ្ហាទូទាត់របស់ទេសចរបរទេសនៅកម្ពុជា ដោយផ្តល់ជម្រើសបើកគណនីប្រាក់រៀលស្វ័យប្រវត្តិ និងផ្គុំ QR Code ទាំងលុយរៀល និងដុល្លារជាមួយគ្នា។

ពិធីដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាម QR Code

ក្នុងពិធីដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាម QR Code ដំណាក់កាលទី២ រវាងកម្ពុជា-សិង្ហបុរី នៅថ្ងៃទី៣០ មីនា ២០២៦ លោកស្រីបានលើកឡើងថា៖ «ការតភ្ជាប់ការទូទាត់ឆ្លងដែនធ្វើឡើងដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល។ ការប្រើដុល្លារវាស្រួលនៅពេលវាអត់មានបញ្ហា តែដល់ពេលមានបញ្ហាគឺវាមិនស្រួលទេ»។

បញ្ហាចម្បងដែលទេសចរបរទេសជួបប្រទះគឺអ្នកលក់នៅកម្ពុជាភាគច្រើនមិនទទួលយកលុយរៀល តែយកតែលុយដុល្លារ ដែលធ្វើឱ្យការទូទាត់តាម QR Code មិនអាចដំណើរការបាន។

លោកស្រីជា សិរីបានពន្យល់ពីដំណោះស្រាយ៖ «យើងសង្កេតឃើញបញ្ហានេះ ហើយយើងផ្គុំ QR Code ជាមួយគ្នា ទាំងលុយរៀល ទាំងលុយដុល្លារ ចូលមកតែមួយ។ អញ្ចឹងហើយបើសិនជាអ្នកទិញជាភ្ញៀវបរទេសស្កេនទៅ គឺចូលទៅគណនីលុយរៀល អញ្ចឹងអ្នកលក់គាត់អត់ឈឺក្បាល»។

ដើម្បីអនុវត្តដំណោះស្រាយនេះ ធនាគារជាតិកំពុងបើកគណនីលុយរៀលស្វ័យប្រវត្តិឱ្យអ្នកលក់ដែលគ្មានគណនីរៀល។ លោកស្រីបញ្ជាក់ថា៖ «យើងបើកដើម្បីសម្រួលការទូទាត់របស់ភ្ញៀវទេសចរ យើងសម្រួលការទូទាត់ឱ្យទៅអ្នកលក់។ នេះគឺការជួយទៅវិញទេ មិនមែនទៅបង្ខំទេ»។

ការប្រើប្រាស់ QR Code សម្រាប់ទូទាត់ឆ្លងដែន

ការអនុវត្តនេះមានគោលបំណងសម្រួលដល់អ្នកលក់តូចតាចដែលគ្មានម៉ាស៊ីនកោសកាត និងទេសចរដែលចូលចិត្តប្រើកាតទូទាត់។ លោកស្រីបន្ថែមថា៖ «បើយើងមិនជំរុញការប្រើប្រាស់នេះទេ អ្នកលក់ក៏លក់មិនបាន អ្នកទិញក៏ទិញមិនបាន»។

គណនីប្រាក់រៀលដែលបើកស្វ័យប្រវត្តិនេះមិនតម្រូវឱ្យអ្នកប្រើប្រាស់បង់ថ្លៃសេវាកម្ម ហើយអ្នកប្រើប្រាស់អាចប្រើឬមិនប្រើតាមតម្រូវការ។ ការផ្គុំ QR Code ទាំងពីររូបិយប័ណ្ណនេះគឺដើម្បីសម្រួលដល់អ្នកលក់ និងអ្នកទិញ និងជំរុញការប្រើប្រាស់ប្រាក់ជាតិ។

ដោយ៖ តារា

administrator

Related Articles