សភាពការណ៍នៅមជ្ឈិមបូព៌ាកំពុងតែក្លាយទៅជាស្មុគស្មាញថែមទៀត បន្ទាប់ពីលោកបេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រកាសយ៉ាងច្បាស់លាស់ទៅកាន់រដ្ឋាភិបាលអាមេរិកថា ទោះបីជាក្រុងវ៉ាស៊ីនតោន និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពណាមួយក៏ដោយ ក៏អ៊ីស្រាអែលនឹងមិនបញ្ឈប់ការវាយប្រហារយោធារបស់ខ្លួននៅក្នុងប្រទេសលីបង់ឡើយ។
![]()
យោងតាមរបាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Anadolu ដែលចុះផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ លោកណេតាន់យ៉ាហ៊ូបានបញ្ជាក់ក្នុងកិច្ចពិភាក្សាផ្ទៃក្នុងថា គោលដៅចម្បងរបស់អ៊ីស្រាអែលគឺត្រូវតែដេញក្រុមហេសបូឡាឲ្យចេញឆ្ងាយពីព្រំដែន រហូតដល់ហួសទន្លេ Litani ទើបលោកអស់ចិត្ត។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ មន្ត្រីជាន់ខ្ពស់របស់អ៊ីស្រាអែលបានបង្ហើបថា ភាគីអាមេរិកហាក់ដូចជាយល់ព្រមតាមជំហរដាច់ខាតនេះ ដោយគេថែមទាំងបានលើកឡើងថា រឿងរ៉ាវនៅលីបង់មិនមែនជាអាទិភាពចម្បងសម្រាប់លោកប្រធានាធិបតីដូណាល់ ត្រាំនោះទេ។
![]()
លោកណេតាន់យ៉ាហ៊ូក៏បានបដិសេធសំណើរបស់ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង ដែលបានព្យាយាមមកធ្វើជាអាជ្ញាកណ្តាលដើម្បីសុំឲ្យមានការឈប់បាញ់គ្នា ជាថ្នូរនឹងការជួយជ្រោមជ្រែងផ្នែកការទូតពីសំណាក់ប្រទេសបារាំង។
គិតចាប់តាំងពីមានការវាយប្រហារឆ្លងដែនកាលពីដើមខែមីនាមក ប្រតិបត្តិការតាមអាកាស និងការវាយលុកតាមជើងគោករបស់អ៊ីស្រាអែល បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១,២៤៧នាក់បាត់បង់ជីវិត និងជាង ៣,៦០០នាក់ផ្សេងទៀតរងរបួសនៅក្នុងប្រទេសលីបង់។
![]()
ស្របពេលជាមួយគ្នានេះ សង្គ្រាមរួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ក៏បានធ្វើឲ្យមនុស្សស្លាប់អស់ជាង ១,៣៤០នាក់ទៅហើយ បង្កើតជាវដ្តនៃការសងសឹកគ្នាទៅវិញទៅមកយ៉ាងសាហាវ ទាំងតាមរយៈការបាញ់ស្រោចមីស៊ីលដាក់គ្នា និងការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រ។
ស្ថានភាពទាំងនេះធ្វើឲ្យពិភពលោកទាំងមូលកំពុងតែដកដង្ហើមមិនដល់គ្នា ពោះចំពោះវិបត្តិដែលកំពុងតែរីកធំឡើងនៅតំបន់មជ្ឈិមបូព៌ា។
